ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរនៅវេលាម៉ោង១១៖២៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបរិវេណវត្តបន្ទាយក្រង ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកបានដឹកនាំ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត សឺង ហៅ សឺង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានកំរិតវប្បធម៌ ថ្នាក់៧ថ្មី មានមុខរបរ មិនពិតប្រាកដ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរកឃើញវត្ថុតាង មានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ទម្ងន់២,៣០ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ទូរស័ព្ទចំនួន០១គ្រឿង ខ្លងសម្រាប់ដាក់ថ្នាំញៀនចំនួន១។
លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំបែបបទ អនុវត្តតាមនីតិវិធី៕