សាហាវមែន, ខ្វះលុយចូលស្ដីប្រពន្ធ ចាក់សម្លាប់មិត្តភក្តិប្លន់យកម៉ូតូ

កម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យ ក្រោយធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់សម្លាប់ប្លន់យកម៉ូតូពីមិត្តភ័ក្ដិ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពដេកផ្កាប់មុខ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសពជនរងគ្រោះ មានឈ្មោះ ណយ ចាន់ណៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអារ កពីមុខជិតដាច់ ស្នាមចាក់គល់ក១កាំបិត, ឆ្អឹងជំនីរធ្វេង៥កាំបិត, កំភួនដៃឆ្វេង១កាំបិត និងខ្នងដៃឆ្វេង១កាំបិត។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ រកឃើញវត្ថុតាងបន្សល់កន្លែងកើតហេតុមាន កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ និងស្រាបៀកម្ពុជា៦កំប៉ុង។ ជាមួយគ្នានោះ តាមការបំភ្លឺពីម្តាយជនរងគ្រោះ ថាមានបាត់ម៉ូតូHONDA C125ស៊េរី២០២៣ពណ៌ខ្មៅមួយគ្រឿង ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ)។

សមត្ថកិច្ចបានស្រាវជ្រាវកំណត់បានមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ខណៈជនសង្ស័យស្គាល់គ្នាជិតស្និទនឹងជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួនពិតជាបានចាក់ និងអារ ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ។ រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។ សមត្ថកិច្ចបានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅលក់គ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស៕

អត្ថបទដែលជាប់ទាក់ទង