រដ្ឋមន្ត្រីព័ត៌មានកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយ CMG ប្រទេសចិន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រពន្ធ័ផ្សព្វផ្សាយ CMG ប្រទេសចិន ដឹកនាំដោយ អ្នកនាង Xu Xiaoxia អនុប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព៏ត៌មាន។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់កិច្ចសហប្រតិបត្តិការរវាង វិទ្យុមិត្តភាពចិន-កម្ពុជា ជាមួយក្រសួងព័ត៌មានកម្ពុជា ដែលមានកន្លងមក ហើយបន្តទៅមុខបន្ថែមទៀត។
អ្នកនាង Xu Xiaoxia បានជម្រាបជូនថា CMG គឺជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន ដែលមានទ្រង់ទ្រាយធំជាងគេ និងបានផលិតកម្មវិធីច្រើនជាងគេលើពិភពលោក តាមរយៈប្រពន្ធ័ផ្សាយ CGTN និង CCTV។ សម្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន គឺជាសាខាផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីនានា មកកាន់ប្រទេសកម្ពុជា តាមរយៈ CGTN ហើយដំណើរទំហំនៃការផ្សាយរបស់ CGTN មានចំនួន ៦៨ ភាសា ដើម្បីផ្សាយទៅកាន់ពិភពលោក ។
ក្នុងនាមក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ពិសេស CGTN ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយវិទ្យុជាតិកម្ពុជា និងក្រសួងព័ត៌មាន ដែលកិច្ចការងារនេះគឺមានសារៈសំខាន់ក្នុងការបង្កើតនូវខ្លឹមសារសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ។ ពិសេសជាងនេះ ការផ្សាយជាភាសាចិនតាមរយៈ វិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្តល់ឱកាសច្រើនដល់ប្រជាជនកម្ពុជា ដែលរៀនភាសាចិនអាចស្តាប់ព័ត៌មមានជាភាសាចិនបាន ។ ទន្ទឹមនេះអ្នកវិនិយោគិន និងអ្នកទេសចរ ចិន ដែលបានមករកសុី និងដើរលេងកំសាន្ត គឺអាចទទួលបានព័ត៌មានសំខាន់ៗពីការផ្សាយរបស់វិទ្យមិត្តភាពកម្ពុជា-ចិន ។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយព័ត៌មាន ដែលមានសារៈសំខាន់ ដោយត្រូវធើ្វយ៉ាងណាអោយការផ្សាយជាភាសាចិន ផ្តោតលើព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដើម្បីអោយបងប្អូនជនជាតិស្តាប់បាន យល់គ្នាទៅវិញទៅមកពីប្រពៃណី ទំនៀមទំលាប់ និងការស់នៅប្រចាំថ្ងៃ ។ ជាមួយនេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បានផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀបទំលាប់ និងវិស័យទេសចរណ៍ និងភាសាខ្មែរទៅដល់ប្រជាជនចិន បានដឹងបានឃើញច្បាស់ពីប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានស្នើដល់ភាគីចិនជួយលើផ្នែកបច្ចេកទេស និង ឧបករណ៍ដើម្បីសម្រួលដល់ការផ្សព្វផ្សាយ ក៏ដូចជាស្នើខាងចិន អោយផ្សព្វផ្សាយពីបរិបទនៃការរស់នៅរបស់កម្ពុជា, ប្រពៃណី វប្បធម៌ សម្បត្តិធម្មជាតិនៃកម្ពុជា បានច្រើន ទៅប្រជាជនចិន បានដឹងសុីជម្រៅបន្ថែមទៀត។
អ្នកនាង Xu Xiaoxia បានថ្លែងអំណរគុណដល់កម្ពុជា ពិសេសក្រសួងព័ត៌មាន ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អកន្លងមក និងផែនការដែលត្រូវរួមគ្នាធ្វើទៅមុខទៀត ដោយក្នុងនោះ ខាងវិទ្យុមិត្តភាពកម្ពុជា-ចិន បានលើកឡើងពីកម្មវិធីដែលនឹងត្រូវផ្សាយទៅចិន នូវវប្បធម៌ចិន-ខ្មែរ, ព័ត៌មាន, និងព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជាទៅដល់ប្រជាជនចិន។ ដូច្នេះ ខាងភាគីចិន ចង់អោយមានការផ្លាស់ប្តូរនូវធនធានមនុស្សរវាងខ្មែរ-ចិន ចំនួន២នាក់ ដើម្បីសម្រួលក្នុងការផ្សាយព័ត៌មានបានកាន់តែបន្ថែមទៀត។
វិទ្យុមិត្តភាពកម្ពុជា-ចិន CCFR ត្រូវបានបង្កើតឡើងក្រុមកិច្ចសហប្រតិបត្តិ ការរវាងវិទ្យុជាតិកម្ពុជាជាមួយនឹងវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ដោយមាន ការគាំទ្រពីក្រសួងព័ត៌មានកម្ពុជា ក្នុងគោលបំណងផ្លាស់ប្ដូរ សិល្បៈ វប្បធម៌ និងព័ត៌មានរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការគ្រប់គ្រប់ ជ្រុងជ្រោយ និងរឹតចំណងមេត្រីភាពឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងជំរុញការយល់ដឹងពីគ្នា និងផ្សារភ្ជាប់ដួងចិត្តទៅវិញទៅមករវាង ប្រជាជនប្រទេសទាំងពីរចិននិងកម្ពុជា៕