រកឃើញសារធាតុគីមីក្នុងខ្ញីហាន់ និងទឹកត្រាំខ្ញី ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត
សាខា ក.ប.ប. រាជធានីភ្នំពេញបានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ៣ទីតាំង ដោយមួយកន្លែងក្នុងភូមិសាស្រ្ត សង្កាត់បឹងសាឡាង និង២ទីតាំងទៀត នៅតំបន់ផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្រ្តីជំនាញ ក.ប.ប. បានឱ្យដឹងថា ជាលទ្ធផល វិភាគបឋមទៅលើខ្ញីហាន់ និងទឹកត្រាំខ្ញី ពុំទាន់កំណត់រកឃើញវត្តមាន Sodium Hydrosulfite នៅឡើយ ខណៈក្រុមការងារបានយកគំរូទៅវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្តទៀត។
ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញទីតាំងមួយកន្លែង មានសារធាតុគីមីគ្មានស្លាកសញ្ញាជាម្សៅស ចំនួន ៨៥គីឡូក្រាម និងសាជូរ ចំនួន ២៨បាវ ស្មើនឹង ៨៣០គីឡូក្រាម សម្រាប់យកទៅប្រើប្រាស់លាយជាមួយទឹក និងដាក់ខ្ញីហាន់រួចត្រាំជាមួយ មុននឹងចែកចាយ។
អគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា តាមការវិភាគបឋមទៅលើគំរូម្សៅស បង្ហាញថា គឺជាសារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។ ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នកប្រតិកម្ម (Allergic) ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម អំពាវនាវដល់បុគ្គលធ្វើធុរកិច្ចម្ហូបអាហារ ជាអាទិ៍ អ្នកនាំចូល ផលិតករ សិប្បករ អ្នកកែច្នៃ អ្នកស្តុកទុក អ្នកចែកចាយ អ្នកលក់ដូរម្ហូបអាហារទាំងអស់ សូមមេត្តាកុំប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ឬបង្ករជាជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ រយៈពេលជាយូរអង្វែង៕