មេប៉ូលិសខេត្តកំពត៖ យើងយកបានមេខ្លោងនិងបន្តយកគូកនបន្តទៀត មិនឲ្យបងប្អូនខកបំណងទេ ចំពោះជនណាដែលបង្កបញ្ហាអសន្តិសុខក្នុងខេត្តកំពត
កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពតបានបង្ក្រាបមុខសញ្ញាដែលបានបង្កហិង្សានៅក្បែរស្នងការដ្ឋាននគរបាលខេត្តកំពតនៅមុននេះបន្តិចបានម្នាក់ហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា « ព្រហើនពេកហើយ មុខសញ្ញាដែលបង្កហិង្សាមុននេះបន្តិចនៅក្បែរស្នងការដ្ឋាននគរបាលខេត្ត យើងយកបានមេខ្លោងនិងបន្តយកគូរកនបន្តទៀត។ លោកឧត្តមសេនីយ៍ទោស្នងការបានអះអាងថា មិនឲ្យបងប្អូនខកបំណងទេ ចំពោះជនណាដែលបង្កបញ្ហាអសន្តិសុខក្នុងខេត្តកំពត»។
គួរជម្រាបជូនថា ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើឡើងឡើង បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ «អា ហ្វុង» បានបង្ហោះថា «មានក្មេង២ក្រុម មិនដឹងមកពីណាទេ បានមកវ៉ៃគ្នានៅមុខហាងខ្ញុំ។ នៅទីរួមខេត្តកំពត…សំខាន់នៅជិតស្នងការទៀត។ សូមជួយមើលផង វាប៉ះពាល់ដល់កន្លែងខ្ញុំរកស៊ីណាស់»៕