សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១
នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា ក្នុងខណ្ឌច្បារអំពៅ និងស្ពានកោះនរា ស្ថិតក្នុងភូមិសាស្ត្រចំណុចប្រសព្វរវាងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សមិទ្ធផលស្ពាននាគភ្លោះកោះនរា និងស្ពានកោះនរា នឹងក្លាយជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍ និងចក្ខុវិស័យប្រកបដោយភាពច្បាស់លាស់របស់ សម្ដេចតេជោ ហ៊ុន សែន ហើយការដាក់ឱ្យដំណើរការស្ពាននេះ នឹងក្លាយទៅជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការកាត់បន្ថយវេលាធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ, ការកកស្ទះចរាចរណ៍ ក៏ដូចជាការទាក់ទាញការវិនិយោគ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ ។ ស្ពានបេតុងខ្សែកាបនេះ នឹងក្លាយជាការតភ្ជាប់និស្ស័យរវាងតំបន់ដែលមានសក្ដានុពលបំផុតរបស់រាជធានីភ្នំពេញ ពោលគឺតំបន់កោះពេជ្រ ទៅនឹងតំបន់កោះនរា ដោយឆ្លងកាត់ទន្លេបាសាក់ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរាជធានីភ្នំពេញឆ្ពោះទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ១ ។ ពិតណាស់ សមិទ្ធផលទាំងនេះសុទ្ធតែជាផលផ្លែ ដែលកើតចេញពីកត្តាសុខសន្តិភាព »។
ចំពោះវិស័យអចលនទ្រព្យ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ដែរថា «វិស័យនេះនៅតែជាវិស័យដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ ជាពិសេស វិធានការលើកទឹកចិត្តសារពើពន្ធ ជាអាទិ៍៖ ពន្ធប្រថាប់ត្រា, ទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ, ពន្ធដីធ្លីមិនបានប្រើប្រាស់, និងពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ ជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏យល់ច្បាស់អំពីសម្ពាធនៃវិស័យហិរញ្ញវត្ថុ នៅក្នុងបរិបទនេះផងដែរ ហើយបានជំរុញលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ (Loan Restructuring) តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរី ។ រាជរដ្ឋាភិបាលក៏នឹងជំរុញបន្ថែមទៀត ឱ្យវិស័យអចលនទ្រព្យកម្ពុជា កាន់តែមានការទាក់ទាញពីវិនិយោគិនបរទេស ដោយក្នុងនោះ បានជំរុញការប្រើប្រាស់ “យន្តការសិទ្ធិជួលរយៈពេលវែង” ដែលជាយន្តការស្របច្បាប់មួយអនុញ្ញាតឱ្យមានចុះកិច្ចសន្យាជួលរយៈពេលវែងនូវអចលនទ្រព្យទាំងនោះ ក្នុងរយៈពេលចាប់ពី ១៥ ឆ្នាំ ដល់ ៥០ ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ ឆ្នាំទៀត ដោយទទួលបាននូវសិទ្ធិប្រត្យក្ស ស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ ។ ត្រង់ចំណុចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបកស្រាយបញ្ជាក់ពាក់ព័ន្ធនឹងការយល់ច្រឡំមួយចំនួនថានេះ គឺជាការលក់ដីឱ្យបរទេស ដែលប្រាសចាកទាំងស្រុងពីស្មារតីនៃយន្តការនេះ ពីព្រោះគ្រាន់តែជាយន្តការជួលដែលមានរយៈពេលវែង ហើយមានបទដ្ឋានគតិយុត្តត្រឹមត្រូវ និងច្បាស់លាស់ ដោយអនុវត្តយ៉ាងតឹងរ៉ឹងបំផុតតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមិនអនុញ្ញាតឱ្យជនបរទេស ទាំងជារូបវន្តបុគ្គល ទាំងជានីតិបុគ្គល អាចក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះឡើយ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី »។
ជាមួយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសសើរចំពោះក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការសាងសង់ស្ថាបនាស្ពានទាំងពីរនេះ ប្រកបដោយប្រណីតភាព និងភាពច្នៃប្រឌិត ព្រមជាមួយនឹងការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ, អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអនុវត្តទិសដៅការងារ និងភារកិច្ច ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងមូលដ្ឋានរាជធានីភ្នំពេញ៕