រដ្ឋមន្ត្រី សាយ សំអាល់ ៖ «មន្ត្រីយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ»
«មន្ត្រីយើងត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ»។ នេះជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានជំរុញមន្រ្តីជំនាញខេត្តកណ្ដាលចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានលឿនតាមផែនការ ពោលគឺសម្រចឲ្យខានតែបាននៅបំណាច់ឆ្នាំ២០២៤។
ជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់សាខាពន្ធដារខេត្តកណ្ដាលដែលមានលោក ងួន សុវណ្ណ ជាប្រធាន ត្រូវរួមគ្នាជួយពន្លឿនការងារបង់ពន្ធសូន្យរបស់ពលរដ្ឋឲ្យបានលឿនរហ័ស និងរលូនផងដែរ ដើម្បីងាយស្រួលដល់ដំណើរ ចេញបណ្ណកម្មសិទ្ធិដល់ពលរដ្ឋ។
រដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ទូទាំងប្រទេសកម្ពុជា ក្បាលដីជាង៥លាន នឹងត្រូវធ្វើបណ្ណ ដូច្នេះសូមមន្ត្រីយើងដែលពាក់ព័ន្ធទាំងអស់គ្នា មេត្តាផ្ដល់សេវាគាប់ចិត្ត ដើម្បីបញ្ឈប់វិវាទ ប្រែក្លាយរឿងនេះឲ្យមានការទុកចិត្តលើរដ្ឋបាលខេត្តស្រុកឃុំ ភូមិ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។
ទន្ទឹមនោះ ឯកឧត្តមក៏បានប្រគល់ជូនឧបករណ៍បច្ចេកទេស និងសម្ភារការិយាល័យមួយចំនួន សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល។
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានវាស់វែងបាន ១០៣,៦៧៣ ក្បាលដី, កំណត់ព្រំ, វិនិច្ឆ័យ, បញ្ចូលទិន្នន័យ៦៣,១៤៧ ក្បាលដី, បិទផ្សាយបាន ៤៤,៦៩៨ ក្បាលដី, សម្រេចចេញបណ្ណបាន ៣១,៩៦០ ក្បាលដី, ចែកបណ្ណបាន ៦១,៣៥៩បណ្ណ។ នេះជាការគូសបញ្ជាក់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល
គួរជម្រាបថា រដ្ឋបាលខេត្តកណ្ដាលបានដាក់ចេញយុទ្ធនាការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលជាប្រភេទអចលនទ្រព្យអំណោយផ្ដាច់ ឬពន្ធសូន្យ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកទល់នឹងខែវិច្ឆិកា ឆ្នាំ២០២៣ គឺបានវាស់វែង ក្បាលដី បំពេញនីតិវិធីទាំងនៅសុរិយោដី និងពន្ធដាររួចរាល់ និងបានប្រគល់បណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២៨,៥៨៤បណ្ណ៕