កម្លាំងនគរបាលជំនាញខេត្តកណ្តាលបង្ក្រាបបានរថយន្តមួយគ្រឿងដឹកបង្គាចាក់ចាហ៊ួយ និងមានដាក់សារធាតុគីមីហាមឃាត់ «ហ្វ័រម៉ាលីន» នៅស្រុកកណ្តាលស្ទឹង

កាលពីវេលាម៉ោង១៧៖៤៥នាទី ថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្ដមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារសេដ្ឋកិច្ចបានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលដោយសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមមលាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាលបានចុះបង្ក្រាបឈានដល់ការឃាត់រថយន្តមួយគ្រឿងដែលបានដឹកបង្គានាំចូលមកពីប្រទេសវៀតណាម តាមច្រកព្រែកចាកនៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងបានសហការជាមួយមន្រ្តីជំនាញសាខា ក.ប.ប ខេត្តកណ្តាលដើម្បីបន្តរនិតិវិធីច្បាប់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ផាត់ សុភា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចកើត  ស្រុកកំពង់ត្រាច  ខេត្តកំពត ជាម្ចាស់រថយន្ត។

ប្រភពបន្តថា លុះនៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការថ្លែងបន្លំខេត្តកណ្ដាលដើម្បីធ្វើការត្រួតពិនិត្យជាក់ស្ដែងបង្គានៅក្នុងរថយន្ត និងពិនិត្យពិសោធន៍បឋមឃើញថា បង្កាទាំងនេះមានចាក់ចាហ៊ួយ និងមានដាក់សារធាតុគីមីហាមឃាត់ «ហ្វ័រម៉ាលីន-Fomalin»។

ប្រភពខាងលើបានបញ្ជាក់ថា ចំពោះវត្ថុតាងដកហូតបាន រួមមាន៖
១-រថយន្តម៉ាក SANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2AQ-0065, ២-បង្គាចំនួន១២៤កេស ស្មើនេង២.១៣០kg ក្នុងនោះមានបង្គាចាក់ចាហួយចំនួន១១៦កេស ស្មើនឹង១៩៧០kg  និង៨កេស ស្មើនឹង១៦០kg មានសារធាតុគីហាមឃាត់ «ហ្វ័រម៉ាលីន-Fomalin»។

ប្រភពព័ត៌មានបានបន្ថែមថា ចំពោះទំនិញខាងលើខុសនឹងច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញនិងសេវា ដោយក្រុមការងារបានត្រួតពិនិត្យរកឃើញកំហុសមួយចំនួនដូចជា៖មានសារធាតុគីមីហាមឃាត់ Fomalin និងចាក់ចាហួយចូលក្នុងបង្គា។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមចម្រុះបានឯកភាពសម្រេចធ្វើការដុតបំផ្លាញចោលវត្ថុតាងទាំងអស់ខាងលើនៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបរិវេណដីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងធ្វើការពិន័យអន្តរការណ៍ចំពោះមធ្យោបាយដឹកជញ្ជូនរថយន្ត តាមនិតិវិធីច្បាប់។

គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ បានអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារជាដើម សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ ក្រៅពីជួយសុខភាពឬក៏អត់? ដូច្នេះការរួមគ្នានេះ ទាំងអ្នកទិញ ទាំងអ្នកលក់ ទាំងរាជរដ្ឋាភិបាល សុទ្ធតែមានគោលដៅតែមួយនោះទេ»។

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវធ្វើយ៉ាងណាដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន សមាគម គណៈ ឬបុគ្គលស្វ័យនិយោជន៍ ចូលរួមលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយម្ចាស់អាជីវកម្មក៏អាចបន្តការលក់ដូរប្រកបដោយភាពស្របច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង