តុលាការសម្រេចចោទប្រកាន់មនុស្ស៥នាក់និងបក្ខពួកកំពុងគេចខ្លួនពាក់ព័ន្ធករណីផ្ទុះអាវុធជាង២០០គ្រាប់នៅភ្នំគីរីរម្យ

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចចោទប្រកាន់មនុស្ស៥នាក់និងបក្ខពួកកំពុងគេចខ្លួន ដែលពាក់ព័ន្ធនឹងករណីផ្ទុះអាវុធជាង២០០គ្រាប់នៅចំណុចចំការតែ ភ្នំគីរីរម្យ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៣០នាទីរសៀល នៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កដោយជនល្មើសមួយក្រុមមានគ្នាប្រមាណ ២០នាក់ ជួបជុំ ផឹកស៊ី ច្រៀងរាំ ស្រាប់តែបានផ្ទុះអាវុធនៅកន្លែងកម្មវិធី ដោយបាញ់ឡើងទៅលើការផ្ទុះអាវុធបន្តរហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបអ្នកទាំងអស់នោះបញ្ឈប់ការបាញ់បោះសប្បាយ និងគេចចេញពីកន្លែងកើតហេតុខាងលើ។

ក្រោយពីបានទទួលនូវព័ត៌មានខាងលើ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានចុះផ្ទាល់ដល់កន្លែងកើតហេតុ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងកងរាជ-អាវុធហត្ថខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធមូលដ្ឋាន ចុះស្រាវជ្រាវពិនិត្យរកឃើញថា ទីតាំងខាងលើជារបស់ឈ្មោះ កង តារាវិតា ភេទស្រី អាយុ ២៨ឆ្នាំ ហើយនៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កង តារាវិឆៃ ដែលត្រូវជាបងប្រុសរបស់ កង តារាវីតា បាននាំមិត្តភក្តិរបស់ខ្លួនមកធ្វើខួបកំណើត ដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធជាច្រើនគ្រាប់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺឱ្យដឹងទៀតថា កន្លែងកើតហេតុ បានបន្សល់ នូវវត្ថុតាងជាសំបកគ្រាប់ បាញ់រួច មានចំនួន ២០៣គ្រាប់ (សំបកគ្រាប់កាំភ្លើងខ្លី ចំនួន ១១២សំបក សំបកគ្រាប់កាំភ្លើង ប្រភេទ M16 ចំនួន ៣៦សំបក និងសំបកគ្រាប់កាំភ្លើងប្រភេទ AK47 ចំនួន ៥៥សំបក) និងស្រោមកាំភ្លើងខ្លីមួយ ព្រមទាំងបានធ្វើកំណត់ហេតុបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន។

អ្នកនាំពាក្យបញ្ជាក់ថា ក្នុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យ ចំនួន ៤រូប រួមមាន ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ឈ្មោះ ប៊ិន កាលុច ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ឆ្នាំ បានចូលមក សារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងបក្ខពួកកំពុងខ្លួន។ ដោយមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យទាំង៥ខាងលើ និងបក្ខពួកពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់។

អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបញ្ជាក់ថានឹងបន្តឃ្លាំមើល តាមដានដោយយកចិត្តទុកទៅលើបក្ខពួកទាំងឡាយ ដែលកំពុងគេចខ្លួនមិនឱ្យរួចផុតពីសំណាញ់ច្បាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង