លោកផ្កាយ៣ ឆាយ គឹមខឿន ជំរុញឲ្យមន្ត្រីនគរបាលជំនាញខិតខំធ្វើយ៉ាងណាឲ្យបទល្មើសមានការថយចុះ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានជំរុញឲ្យមន្ត្រីនគរបាលជំនាញដែលបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) ត្រូវសហការគ្នាខិតខំធ្វើយ៉ាងណាឲ្យបទល្មើសមានការថយចុះ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងនិងតាមដានទិន្នន័យ ក្នុងការបម្រើឲ្យការវិភាគឧក្រិដ្ឋវិទ្យានិងកសាងវិធានការទប់ស្កាត់បទល្មើស។

តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានជំរុញយ៉ាងដូច្នេះក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ E-Crime ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឆាយ គឹមខឿន បានបន្តថា ជាទូទៅឯកទេសជំនាញរបស់នគរបាលយុត្តិធម៌ គឺត្រូវមានជំនាញមួយដែលជាជំនាញគន្លឹះផ្នែកឧក្រិដ្ឋវិទ្យាក្នុងការតាមដានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋធំៗ និងត្រូវប្រើប្រាស់បញ្ញាញាណ ទេពកោសល្យ បច្ចេកទេសបូករួមនិងទ្រឹស្តី របស់នគរបាលកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្រ្តជាមូលដ្ឋានផងដែរ ដើម្បីបំពេញនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានផ្តាំផ្ញើដល់ស្នងការរងរាជធានី-ខេត្តត្រូវយកចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទៅបង្ហាត់បង្រៀនដល់បងប្អូនបន្ត ហើយបើមានចំណុចណាមិនទាន់ច្បាស់លាស់ អាចទំនាក់ទំនងសួរនាំពីគ្រូឧទ្ទេសផ្ទាល់។

គួរបញ្ជាក់ថា វគ្គបំប៉នជំនាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) នេះមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមជាមន្ត្រីនគរបាលជាតិមកពីបណ្តានាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ១៧៤រូប(ស្រី២៣រូប)៕

អត្ថបទដែលជាប់ទាក់ទង