អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព ២០២៤-២០២៨ បន្ទាប់ពីផែនការចាស់បានបញ្ចប់ទៅដោយជោគជ័យ
នៅក្នុងពេលដែលជួបជាមួយនឹងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំកម្ពុជា លោកស្រី អាលីហ្សា ឆាកឃឺ (Ms. Alissar Chaker) នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា ពេលនេះអគ្គលេខាធិការដ្ឋានកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីជនមានពិការភាព ២០២៤-២០២៨ បន្ទាប់ពីផែនការចាស់បានបញ្ចប់ទៅដោយជោគជ័យ។
ក្នុងជំនួបខាងលើ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងពីក្ដីបារម្ភ និងបានអរគុណដល់ UNDP ដែលបានជួយដល់អគ្គលេខាធិការដ្ឋានក្នុងការរៀបចំផែនការជាតិថ្មីនេះ។
ឯកឧត្តមបន្ថែមថា៖ «នេះជាការព្រួយបារម្ភមួយដែលព្រោះថាការកសាងផែនការយុទ្ធសាស្ត្រនីមួយៗមិនមែនជារឿងធម្មតាទេ។ ហើយខ្ញុំក៏បានអរគុណទៅដល់ជូនUNDPដែលបានជួយទៅដល់ផ្នែក consaltant»។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានជម្រាបទៅកាន់តំណាង UNDP ផងដែរពីការចង់ឲ្យមានការប្រគុំតន្ត្រីជនមានពិការភាពផងសម្រាប់ទិវាជនមានពិការភាពនាពេលខាងមុខ។
ក្នុងជំនួបខាងលើ លោកស្រី អាលីហ្សា ឆាកឃឺ បានលើកថា ពេលនេះអង្គការរបស់លោកស្រីកំពុងត្រៀមនៅគម្រោងថវិកាសម្រាប់ឆ្នាំថ្មីដែលនឹងមានមួយផ្នែកជួយដល់វិស័យពិការភាពនៅកម្ពុជាផងដែរ។
ជាមួយនោះ ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបអង្គការដៃគូរនេះផងដែរថាក្រោមរដ្ឋបាលថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី ការយកចិត្តទុកដាក់លើវិស័យពិការភាពគឺកាន់តែត្រូវបានយកចិត្តទុកដាក់ និងថានៅក្នុងទិវាជនពិការថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ សម្ដេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីក្នុងទិវានេះដោយផ្ទាល់ផងដែរ។
ទន្ទឹមនោះ ឯកឧត្តមអគ្គលេខាធិការក៏បានអរគុណដល់ UNDP ដែលបានជួយដល់វិស័យពិការភាពនៅកម្ពុជាតាំងពីដើមរៀងមក ជាមួយនិងកម្មវិធីACCESS របស់អូស្ត្រាលី ខណៈលោកក៏ចង់បង្កើនកិច្ចសហការវិស័យពិការភាពកម្ពុជាជាមួយសហរដ្ឋអាមេរិកផងដែរ៕