នាយករដ្ឋមន្ត្រីកម្ពុជាដាក់ចេញអនុសាសន៍ចំនួន៦ចំណុចដល់ក្រសួងកសិកម្ម
នាយករដ្ឋមន្ត្រីនៃកម្ពុជា ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវអនុសាសន៍ចំនួន៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយអទិភាព ទី៥ និងទី៦នៃការអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងកិច្ចសហការរវាងក្រសួងកសិកម្ម ជាមួយក្រសួងមួយចំនួនទៀត ដើម្បីរៀបចំយន្តការឱ្យកាន់តែល្អប្រសើរបម្រើដល់វិស័យកសិកម្ម រួមមាន៖
ទី១៖ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ផលិតផលកសិកម្មដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផលយុទ្ធសាស្រ្តត្រូវបំពេញការងារក្នុងស្មារតីបុរេសកម្មក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំថ្ងៃ វាយតម្លៃផលប៉ះពាល់ មកលើប្រជាកសិករ និងអ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្នើសុំគោលការណ៍ ដើម្បីសុំអន្តរាគមន៍បន្ទាន់ក្នុងករណីចាំបាច់។ ទន្ទឹមនេះ ក្រុមការងារត្រូវពន្លឿនការរៀបចំយន្តការ និងនិតិវិធីរួម SOP ដើម្បីអនុវត្តការងារអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ ដើម្បីគាំទ្រដល់កសិករ និងវិស័យកសិកម្ម។
ទី២៖ ចំពោះជម្រើស មន្រ្តីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការគ្នារៀបចំការប្រឡងប្រជែងដែលធានាបានទាំងតម្លាភាព សមត្ថភាព និងសង្គត់ភាព។ ការជ្រើសរើសត្រូវបើកទូលាយ ដល់បេក្ខជនដែលមានចំណេះដឹង និងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារ នៅមូលដ្ឋានបានល្អប្រសើរ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវគិតគូរដល់ការស្នាក់នៅ និងជីវភាពបានសមរម្យ ដោយមានការចូលរួមចូលគាំទ្រ និងទំនុកបំរុងពីរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរ ឃុំសង្កាត់ដែលមន្រ្តីទៅបម្រើការ។
ទី៣៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវដឹកនាំ គ្រប់គ្រង និងតម្រង់ទិសមន្រ្តីកសិកម្ម។ ទន្ទឹមក្រសួងរៀបចំការបណ្តុះបណ្តាលបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពរយៈពេលវែង។
ទី៤៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីកៀរគរធនធានគាំទ្រចាំបាច់ ជាពិសេសធនធានមនុស្ស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការសហគមន៍កសិកម្មទំនើបឱ្យបានជោគជ័យ។
ទី៥៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវសហការរៀបចំនូវយុទ្ធសាស្រ្តជាក់លាក់ ដើម្បីពង្រឹងភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្ម ជាពិសេសការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងមិនឱ្យប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែងនៅក្នុងទីផ្សារ។
និងទី៦៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធទាំងអស់ត្រូវសិក្សា និងកំណត់នូវបញ្ហាប្រឈម ក៏ដូចជាយុទ្ធសាស្រ្តជាក់លាក់ ក្នុងការពង្រឹងគុណភាព និងភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា ទាំងកសិផល និងផលិតផលកសិកម្មកែច្នៃ ដើម្បីធានាថាផលិតផលកម្ពុជា ពិតជាមានគុណភាពមិនប៉ះពាល់សុខភាព ហើយថែមទាំងមានតម្លៃសមរម្យ។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា «ចំណុចមួយដែលខ្ញុំចង់បញ្ជាក់ការរៀបចំយន្តការនៅក្នុងក្រសួងកសិកម្មមានហើយ ប៉ុន្តែត្រូវរៀបចំយន្តការអន្តរក្រសួងឱ្យបាន។ ការរៀបចំផែនកន្លែងណាដែលកសិកម្មជាទិភាព ត្រូវឱ្យក្រសួងកសិកម្មដើរមុខ ក្រសួងប៉ុន្មានទៀតត្រូវបម្រើ។ ត្រូវមានមេបញ្ជាការមួយ បើមានមេបញ្ជាការច្រើនមិនដើរទេ ធ្វើផ្លូវធ្វើប្រឡាយ អភិវឌ្ឍន៍ជនបទ ធនធានទឹក បម្រើដល់ហ្នឹង រ៉ែនិងថាមពលពាក់ព័ន្ធនឹងភ្លើងអិគ្គសនី ពន្ធដារ និងគយ ពាក់ព័ន្ធនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ៊ីចឹងយើងត្រូវរៀបចំយន្តការនេះឱ្យដើរ អ៊ីចឹងបានពាក្យខ្ញុំថា ត្រូវរៀបផ្ទះយើងឱ្យស្អាតសិន ឱ្យមានលំដាប់លំដោយ ទើបទៅធ្វើអីចេញ»៕