សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា « វិស័យការងារ គឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិតែងបានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងអាណត្តិទី៧នេះ។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម។ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន៥ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១រួមមាន៖ កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល៥ ឆ្នាំ ទៅមុខ ។ ក្នុងនេះ មានកិច្ចការចំនួន៣ ដែលជាអាទិភាពចម្បង គឺ៖ ទី១.កំណើនសេដ្ឋកិច្ច៖ ការជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានកំណើនទ្បើងលើគ្រប់វិស័យទាំងអស់, ទី២. ការងារ៖ ការពង្រីកមូលដ្ឋាននៃការបង្កើតការងារឱ្យបានទូលំទូលាយ និងទី៣. សមធម៌៖ ការចែកផលលាភទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកជាងគេ។ ទាំងនេះគឺជាចំណែកនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់»។

ការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ ១៨០០០នាក់ មកពីរោងចក្រ-សហគ្រាសចំនួន១៣នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងរយៈពេល៩០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋាន២គឺថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។ ក្នុងន័យនេះ, ចំពោះវិស័យការងារ រាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយលើកកម្ពស់សុខុមាលភាពកម្មករ-និយោជិត ស្របតាមអនុសាសន៍ទាំង១០ចំណុចរបស់ សម្ដេចតេជោ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នារបស់ កម្មករ-និយោជិត។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានបន្តតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតពីមួយឆ្នាំទៅមួយឆ្នាំ ជាបន្តបន្ទាប់ ។ បន្ថែមពីនេះ, បងប្អូនក៏ទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្តិសុខសង្គម, ការតម្រូវឱ្យនិយោជកបង់ភាគទានជំនួសបងប្អូនកម្មករ-និយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងការទទួលបានរបបសោធននិវត្តន៍ នៅពេលដែលបងប្អូនចូលនិវត្តន៍ជាដើម។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធសឹងតែជាលទ្ធផលកើតចេញពីការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង ១០ ចំណុច របស់ សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តនូវអនុសាសន៍ទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលជាកម្មវិធីសំខាន់ ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដែលបានប្រកាសដាក់ឱ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣នេះ។

ជាមួយនោះ សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការលើកទឹកដល់កម្មករ-និយោជិត ឱ្យបន្តថែរក្សានូវវប្បធម៌សុខុដុមនីយកម្មក្នុងរោងចក្រ-សហគ្រាស ដោយឈរលើមូលដ្ឋាននៃការយោគយល់ ភាតរភាព និងសាមគ្គីភាព ពីគ្រប់ភាគីពាក់ព័ន្ធ ធានាបង្កភាពងាយស្រួលដល់ការប្រកបការងារ និងអាជីវកម្ម ដើម្បីជំរុញការធ្វើពិពិធកម្ម, ការពង្រឹងភាពប្រកួតប្រជែង, ការលើកកម្ពស់ផលិតភាព និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់៕

អត្ថបទដែលជាប់ទាក់ទង