លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត៖ សមាគម TYDA បានប្រមូលផ្តុំនូវធនធានជំនាញក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានការខ្វះខាតបំផុត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា «សមាគម TYDA បានប្រមូលផ្តុំនូវធនធានជំនាញក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានការខ្វះខាតបំផុត។ សមាគមក៏មានផែនការក្នុងការរៀបចំបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឱ្យមានជំនាញកាន់តែប្រសើរទ្បើង តាមរយៈការសិក្សាបន្តនៅបណ្តាប្រទេស ដូចជា តៃវ៉ាន់ សាធារណរដ្ឋកូរ៉េ និងបារាំង ជាដើម»។
ការគូសបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ ទទួលថវិកាឧបត្ថម្ភចំនួន២០ម៉ឺនដុល្លាពីក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងគ្រុប។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានលើកទ្បើងអំពីវឌ្ឍនភាពរបស់សមាគម ដែលបានដំណើរការរយៈពេល ១១ ឆ្នាំមកហើយ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ នេះ ដោយមានសមាជិកសរុបចំនួនប្រមាណជាង ៨ពាន់នាក់។ក្នុងរយៈកាលនេះ សមាគម TYDA តែងរៀបចំសកម្មភាពបេសកម្មរបស់ខ្លួនច្រើនទ្បើងជាលំដាប់ដោយផ្អែកលើចំនួនសមាជិកដែលបន្តកើនឡើងជានិរន្ត ជាមួយការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ។
លោកជំទាវអនុប្រធានTYDA បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បូបណ្តុះបណ្តាល និងបង្ហាញពីវិធីសាស្ត្រព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ។
ជាមួយនោះ លោកជំទាវបណ្ឌិតក៏បានរំឭកថា អំឡុងពេលនៃយុទ្ធនាប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលការឧបត្ថម្ភគាំទ្រពីសំណាក់បណ្តាស្ថាប័នអង្ភភាព និងមហាជននានា ក្នុងនោះ ក្រុមហ៊ុនជីបម៉ុងគ្រុប ក៏បានចូលរួមធ្វើការបរិច្ចាគផងដែរ។
ទន្ទឹមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានថ្លែងអរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កន្លងមក។
គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុងគ្រុប តែងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈសកម្មភាពផ្សេងៗ។ ជាក់ស្តែង ការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាជនកម្ពុជា៕