ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះ គឺដើម្បីឱ្យបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់និងឧបត្ថម្ភឯកសណ្ឋានថ្មី ជូនមន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារ សហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្នុងការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖ ការផ្លាស់ប្តូរឯកសណ្ឋានថ្មី របស់មន្រ្តីជាប់កិច្ចសន្យានេះ គឺមានការគាំទ្រពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺដើម្បីឱ្យបងប្អូនមន្រ្តីជាប់កិច្ចសន្យា បំពេញការងារប្រកបដោយការទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួនក្នុងចូលរួម សហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ទន្ទឹមនោះ លោកស្នងការ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ ចំពោះបងប្អូនមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារ ថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយ ការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទទួលបានសុខសុវត្ថិភាពប្រសើរ។ ក៏បានណែនាំឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង