ឯកឧត្តម ហាក់ សុខមករា បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្តត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន

ឯកឧត្តម ហាក់ សុខមករា បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាពដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់់ដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ។

ការជំរុញរបស់ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវគ្គសិក្ខាសាលាស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅសាលាស្រុកអង្គស្នួល នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក-ឃុំ និងអ្នកពាក់ព័ន្ធផងដែរផង។

ក្នុងការអញ្ជើញជាអធិបតីភាព ឯកឧត្តម ហាក់ សុខមករា បានគូសបញ្ជាក់ថា «សិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និង វិសហមជ្ឈការ ក្នុងគោលបំណង ផ្ដល់ឱកាសផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនទាំងអស់ នៅតាមសហគមន៍ ដើម្បីរួមគ្នាពិភាក្សា និងគាំទ្ររាល់គម្រោងដែលជាតម្រូវការជាក់ស្ដែង សំដៅជួយអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចំរើន។ ហើយរដ្ឋបាលខេត្តនឹងទទួលយកនូវរាល់សំណើរ និងសំណូមពរនានា ដែលបានលើកឡើងដោយ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីយកមកអនុវត្តក្នុងផែនការឆ្នាំ២០២៤ ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា»។

ជាមួយនោះ ឯកឧត្ដម ហាក់ សុខមករា បានគូសបញ្ជាក់ទៀតថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាសង្កាត់ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រនៅពេលក្រោយទៀត៕

អត្ថបទដែលជាប់ទាក់ទង