ឃាត់ខ្លួនចោរលួច៨នាក់បញ្ជូនទៅតុលាការ!
ជនសង្ស័យចំនួន៨នាក់នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា។
ករណីទី១៖ កាលពីវេលាម៉ោង៣៖២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចសម្ភារ មានដូចជា ម៉ាស៊ីនត្រជាក់ ប្រអប់ភ្លើង និងដែក ក្នុងខុនដូមួយកន្លែង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១/ឈ្មោះផៃ ផាត ភេទប្រុស អាយុ២៥ឆ្នាំ, ២/ឈ្មោះ ជឿន វីឌូ ភេទប្រុស អាយុ១៩ឆ្នាំ, ៣/ឈ្មោះ រតនៈ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ, ៤/ឈ្មោះ គុណ សម្បត្តិពិសី ភេទប្រុស អាយុ២៧ឆ្នាំ, ៥/ឈ្មោះ អ៊ឹម ដេកាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ដោយចាប់យកវត្ថុតាងមួយចំនួនទៀតផងដែរ។ជនសង្ស័យទាំង៥នាក់បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាព លួចសម្ភារ នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន ដោយកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចសម្ភារផ្សេងៗជាច្រើនលើកមកហើយ។ ដោយសព្វថ្ងៃពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។
ករណីទី២៖ កាលពីវេលាម៉ោង២២៖៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចផ្ទាំងសឡាបំភ្លឺផ្លូវ នៅចំណុចទល់មុខសួនសត្វសាហ្វារី ស្ថិតនៅវិថីឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះរួចមក កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ដែលកំពុងល្បាតនៅក្បែរនោះ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ភ្លាមៗ មានឈ្មោះ ធែល សុភ័ក្ត្រ ហៅអ្នកតាទឹក ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ សាវន វិសិត ហៅជេម ភេទប្រុស អាយុ២២ឆ្នាំ ដោយចាប់យកវត្ថុតាងមួយចំនួនផងដែរ។
ជនសង្ស័យទាំង០២នាក់បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាព លួចផ្ទាំងសឡា នៅចំណុចទីតាំងខាងលើ ពិតប្រាកដមែន ដោយសព្វថ្ងៃពួកខ្លួនជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងធ្លាប់ជាប់នៅមណ្ឌលកែប្រែផងដែរ។
ករណីទី៣៖ ជនសង្ស័យម្នាក់ឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ពីជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនភ្លាមៗ ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញផងដែរ៕