ចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ!
ពិរុទ្ធជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការ កាលពីវេលាម៉ោង៧៖០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ត៍នគរបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹងនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥០២ ដប.ចខ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ របស់លោក គីម រ៉ាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ពាង វ៉ក់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចក្រុមទី០៩ ភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕