រដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលជួបគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាលបានទទួលជួបគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា សរុបប្រមាណ១៧រូប។

ក្នុងជំនួបនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ និងគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍អំពីការដឹកនាំស្ថាប័ន ជូនដល់គណៈប្រតិភូបណ្ឌិត្យសភានគរបាល កម្ពុជា ក៏ដូចជាបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍មានមោទនភាព និងសូមកោតសរសើរយ៉ាងក្រៃលែងក្នុងការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើវិស័យ សុខាភិបាលក្នុងអាណត្តិទី៧ នីតិកាលនៃរដ្ឋសភា ក្នុងការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងគុណភាពសុខាភិបាល ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងលើកកម្ពស់សុខភាព និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍បានគោរពអញ្ជើញឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយសធ្វើបាឋកថាចែករំលែកចំណេះដឹងល្អៗ និងបទពិសោធន៍ដ៏ប៉ិនប្រសប់ទាក់ទង់នឹងការធ្វើកំណែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និស្សិត សិក្ខាកាម និងសិស្សនគរបាលនៃបណ្ឌិតសភានគរបាលកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង