នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិថ្មី រំពឹងថា «កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ»
នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិថ្មី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម «សន្និសីទចក្ខុវិស័យ» ប្រទេសកម្ពុជាឆ្នាំ២០២៣ បានបង្ហាញក្ដីរំពឹងថា «កម្ពុជានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយនៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ»។
សម្តេចធិបតីបន្តថា៖ «ជាមួយនិងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះនិងវិធានការមុតស្រួចនានាដែលត្រូវបានដាក់ចេញកន្លងមកនិងវិធានការបុរេសកម្មផ្សេងៗ នាពេលខាងមុខកម្ពុជារំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៥.៦ភាគរយនៅឆ្នាំ២០២៣និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ»។
ទោះបីមានការរំពឹងបែបនេះក៏ដោយប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើ់ងផងដែរដោយសម្តេចបញ្ជាក់ថា៖ «ប្រាកដណាស់ថា ទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំនិងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឱ្យបាននូវភាពធន់និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង»៕