ដកបញ្ឈរជើងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារម្នាក់ ក្រោយចុះទៅបិទល្ខោនបាសាក់ទាំងកណ្ដាលយប់
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះបានសម្រេចដកមេប៉ុស្ដិ៍រដ្ឋបាលឃុំស្រែចារបញ្ឈរជើងជាបណ្តោះអាសន្ន ហើយបានតែងតាំងមេប៉ុស្តិ៍ស្តីទី ក្រោយចុះទៅបិទការសម្ដែងល្ខោនបាសាក់ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងមានការរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គមហ្វេសបុក និងប្រជាពលរដ្ឋ។
នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
យោងតាមវីដេអូដែលបានបង្ហោះតៗគ្នាលើបណ្តាញ បញ្ជាក់ឲ្យឃើញថា មេប៉ុស្តិ៍ឃុំស្រែចារ លោក យឹង សំអឿន ហៅ ដួង បានចុះទៅដល់ទីតាំងក្នុងវត្តអូរលុង កាលពីយប់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣ ហើយបានឲ្យក្រុមសិល្បៈ ល្ខោនបាសាក់ កំពុងសម្ដែងកំដរក្នុងពិធីបុណ្យកឋិនទានឲ្យឈប់លេងជាបន្ទាន់។
នាយនគរបាលប៉ុស្តិ៍រូបនេះ បានសួររកលិខិតអនុញ្ញាត និងចោទប្រកាន់ថា ក្រុមសិល្បៈ ដែលមកសម្ដែងក្នុងពិធី ពុំបានប្រាប់ ឬរាយការណ៍ដល់ប៉ុស្តិ៍មូលដ្ឋានដែលខ្លួនគ្រប់គ្រង។នៅក្នុងហេតុការណ៍ចុះទៅបិទការសំសម្ដែងល្ខោន ដែលមានមហាជនយ៉ាងច្រើនកុះករ កំពុងតែទស្សនា គឺយប់ទី៣ហើយ មិនមែនជាយប់ដំបូងនោះទេ៕