ក្មេងប្រុសអាយុ១៩ឆ្នាំម្នាក់បើកម៉ាស៊ីនច្រូតស្រូវ ថយមិនប្រយ័ត្នបណ្ដាលឲ្យកិនក្មេងប្រុសម្នាក់ទៀតបាក់ជើងស្ដាំរងរបួសធ្ងន់


ក្មេងប្រុសម្នាក់ត្រូវបានអ្នកបើកម៉ាស៊ីនច្រូតថយកិនបណ្ដាលឱ្យបាក់ជើងស្ដាំ រងរបួសធ្ងន់កាលពីវេលាម៉ោង១៤៖៤០នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ខណៈក្រុមគ្រួសារបញ្ជូនកុមាររងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា កុមារជាជនរងគ្រោះឈ្មោះ អៃ អាំ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានលោតឡើងជិះម៉ាស៊ីនច្រូតស្រូវមួយគ្រឿង មានពណ៌ក្រហម បើកបរដោយឈ្មោះ ឡៃ លន់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិត្របែក ឃុំពានរោង នៅផ្នែកខាងក្រោយ លុះពេលដល់ចំណុចកើតហេតុ នៅក្នុងដីស្រែខាងលើ ក្មេងប្រុសជាជនរងគ្រោះបានលោតចុះ ដើម្បីចាប់ត្រី ក៏បណ្ដាលឱ្យអ្នកបើកម៉ាស៊ីនច្រូតដែលកំពុងធ្វើការច្រូតស្រូវហើយបានថយក្រោយអត់ប្រយ័ត្ន បណ្ដាលឲ្យកិនបាក់ជើងស្ដាំរងរបួសធ្ងន់តែម្ដង។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកស្វាយអន្ទរ បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង រួចយកវត្ថុតាងម៉ាស៊ីនច្រូតទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពានរោង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង