រដ្ឋមន្ត្រី ជា សុមេធី ទទួលជំនួយជាឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពនៅកម្ពុជាពីមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពកម្ពុជាពីមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយនៃសាធារណរដ្ឋប្រជាមានិតចិន។

ឧបករណ៍រណបជំនួយទ្រទ្រង់រាងកាយដល់ជនមានពិការភាពដែលចិនផ្តល់ឱ្យរួមមាន ឈើច្រត់ជើង៤គ្មានកង់ (តូច មធ្យម ធំ) សរុបចំនួន ១៨គ្រឿង ឈើច្រត់ជើង៤មានកង់មុខ១គូ (តូច មធ្យម ធំ)សរុបចំនួន២២គ្រឿង ឈើច្រត់ជើង៤មានកង់មុខក្រោយសរុបចំនួន១៤គ្រឿង ឈើច្រត់សម្រាប់ជនមានពិការភាពភ្នែកសរុបចំនួន១៥គ្រឿង ឈើច្រត់ជើង១សរុបចំនួន៤០គ្រឿង ឈើច្រត់ជើង៤សរុបចំនួន២០គ្រឿង ឈើច្រត់ទ្រកំភួនដៃសរុបចំនួន២០គ្រឿង ឈើច្រត់ទ្រក្លៀក (តូច មធ្យម ធំ) សរុបចំនួន៧០គ្រឿង។

ជាមួយនេះឧបករណ៍ជំនួយការឈរសរុបចំនួន០៥គ្រឿង រទេះបង្វិលដៃ (តូច មធ្យម ធំ)សរុបចំនួន៥២គ្រឿង កៅអីអង្គុយកុមារតូចសរុបចំនួន ០១គ្រឿង រទេះអគ្គិសនី (តូច មធ្យម និងធំ)សរុបចំនួន១០គ្រឿង ឧបករណ៍កែវពង្រីករូបភាព(កម្រិត 500, 700)សរុបចំនួន ៤៥គ្រឿង កែវពង្រីកអុបទិកមានដៃនិងគ្មានដៃសរុបចំនួន ១៥០គ្រឿង ឧបករណ៍ពង្រីកអេឡិកត្រូនិកសរុបចំនួន៥០គ្រឿង។ ជំនួយទាំងនេះ គិតជាទឹកប្រាក់សរុបចំនួន៧០០ ០០០យ័ន ស្មើនឹង ១០០ ០០០ដុល្លារសហរដ្ឋអាមេរិក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណយ៉ាងចំពោះមជ្ឈមណ្ឌលរណបជំនួយទ្រទ្រង់រាងកាយនៃសាធារណ:រដ្ឋប្រជាមានិតចិន ដែលបានឧបត្ថម្ភនូវឧបករណ៍ជំនួយទ្រទ្រង់រាងកាយជូនដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសសកម្មភាពជនពិការ។ ឯកឧត្តមបន្តថា ជំនួយទាំងនេះនឹងជួយដល់ការពង្រឹងគុណភាពនៃជីវិតរបស់ជនមានពិការភាព និងការស្តារលទ្ធភាពពលកម្មកាយសម្បទាដើម្បីមានលទ្ធភាពចូលរួមរាល់សកម្មភាពក្នុងសង្គមស្មើសិទ្ធិដូចជនមិនមានពិការភាពដែរ។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា៖«អំណោយសប្បុរសធម៌នាពេលនេះ ពិតជាបានជួយសម្រាលនូវការលំបាករបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ ជាពិសេសសម្រាប់ជនមានពិការភាពដែលកំពុងតែមានតម្រូវការប្រើប្រាស់នូវឧបករណ៍ជំនួយទ្រទ្រង់រាងកាយទាំងនេះ ព្រោះបច្ចុប្បន្ននេះកំណើនជនមានពិការភាពមានការកើនជាឡើងជាប្រចាំដោយមូលហេតុនៃ៖ គ្រោះថ្នាក់ចរាចណ៍ ជំងឺរាំរ៉ៃ ចាស់ជរា ពិការពីកំណើត ឬដោយសារគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះសល់ពីសង្គ្រាមជាដើម»។

ជាមួយនោះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា អំណោយសប្បុរសធម៌ទាំងអស់នេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ គ្រោងបែងចែកដល់មជ្ឈមណ្ឌលស្តារកាយម្បទាទាំង១១ មជ្ឈមណ្ឌលរបួសខួរឆ្អឹងខ្នង អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងជនមានពិការភាពដែលមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់រណបទាំងនេះ។

ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ទោះបីប្រទេសកម្ពុជា មានរោងចក្រផលិតឧបករណ៍សិប្បនិម្មិតទ្រទ្រង់រាងកាយមួយកន្លែង និងមានរោងជាងផលិតរទេះប្រភេទកង់បី ១កន្លែងនៅស្រុកអង្គស្នូល និងរោងជាងផ្គុំរទេះកង់បួន១កន្លែងទៀតនៅភ្នំពេញដ៏ដោយ ក៏មិនអាចបម្រើតាមតម្រូវការរបស់ជនមានពិការភាពបានឡើយ ម៉្យាងដោយសារ អត្រាពិការភាពនៅកម្ពុជាមានកំណើន និងម៉្យាងសមត្ថភាពនៃការផលិតរណបជំនួយ និងរទេះទាំងនោះមានកម្រិត។ ឧបករណ៍ដែលផលិតក្នុងស្រុកមានលក្ខណៈមិនទាន់ទំនើប ធ្ងន់ និងមិនសូវធន់ក្នុងការប្រើប្រាស់យូរអង្វែងដែលជាហេតុជំរុញឱ្យជនមានពិការភាព។

នាយកនៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យារណបជំនួយ នៅសាធារណរដ្ឋម៉ាណិតចិន លោក ហ៊ូ គ័រឆាង(HU Guoqiang) បាននិយាយថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ លោកបានបំពេញទស្សនកិច្ចនូវស្ថាប័នមួយចំនួនដែលពាក់ព័ន្ធនឹងជំនួយទ្រទ្រង់រាងកាយដែលមាននៅក្នុងប្រទេសកម្ពុជា និងព្រមទាំងបានជជែក និងពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយស្ថាប័នខាងលើ។

លោកថ្លែងថា៖«យើងជឿជាក់ថានឹងដើរតួនាទីយ៉ាងសំខាន់លើការបន្តពង្រឹងការស្វែងយល់ពីគ្នាទៅវិញទៅមករវាងទ្វេភាគី និងជំរុញអត្ថប្រយោជន៍នៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការភាគីទាំងពីរនៅក្នុងវិស័យជំនួយទ្រទ្រង់រាងកាយ ហើយចក្ខុវិស័យនាពេលអនាគត ខ្ញុំរីករាយបន្តពង្រឹងទំនាក់ទំនាក់ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ជំរុញការផ្ទៀងផ្ទាត់រវាងការកសាងរួមគ្នានូវគំនិតផ្តួចផ្តលមខ្សែក្រវ៉ាត់និងផ្លូវ និងកិច្ច្សហប្រតិបត្តិការដែលពាក់ព័ន្ធនឹងកិច្ចការពិការភាព»៕

អត្ថបទដែលជាប់ទាក់ទង