ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំពិនិត្យ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ” ដើម្បីពន្លឿនសម្រាប់ការបន្តនីតិវិធីជំហានបន្ទាប់
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
នាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពិនិត្យពិភាក្សា និងឆ្លងខ្លឹមសារ “សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ” ដើម្បីឱ្យមានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់ការធ្វើនាវាចរណ៍ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សុវត្ថិភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយកំពង់ផែនានានៅក្នុងតំបន់ និងអន្តរជាតិ។
អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល លើការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យនៃវាក្យស័ព្ទ ដែលប្រើប្រាស់ក្នុងសេចក្តីព្រាងច្បាប់នេះ។
ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគ្រប់រូប ដែលបានខិតខំប្រែងប្រែងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះឡើង និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើបច្ចុប្បន្នភាពឯកសារនេះតាមមតិយោបល់របស់កិច្ចប្រជុំនេះ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានភាពកាន់តែល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ប្រទេសជាតិ ជាពិសេសសមស្របទៅតាមនវានុវត្តន៍សង្គមបច្ចុប្បន្ន និងបរិបទអន្តរជាតិ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងបន្តដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់របស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យផងដែរ៕