សម្តេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ

ព្រៃវែង៖ «ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។ ការអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមេលប់ ដែលស្ថិតនៅ ភូមិមេលប់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។

សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកពារាំង និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។សម្ដេចបានកោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះ សម្តេចក៏បានណែនាំឲ្យរដ្ឋបាលស្រុកបង្កើតវេទិការសាធារណៈ ដើម្បីស្តាប់អំពីតម្រូវការ បញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ ជូនគាតបានទាន់ពេលវេលា។សម្តេចបន្តថា ត្រូវព្យាយាមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះថាការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺមានសារៈប្រយោជន៍ច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋ ចំណេញពេលវេលាជាដើម។

ក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុកពារាំង បានឲ្យដឹងថា៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ បានចាប់ផ្ដើមកសាងព្រះវិហារថ្មី ដោយមានការផ្តួចផ្តើមពី ព្រះគ្រូចៅអធិការវត្ត រួមសប្បុរសជនជិតឆ្ងាយ ព្រទាំងពុទ្ធបរិស័ទរួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមការងារ ចុះជួយស្រុក និងឃុំ រហូតថ្ងៃនេះ វត្តមេលប់ បានកសាងរួចរាល់ ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមាដែលចំណាយថវិកាអស់ សរុប ប្រមាណជាង ៤១៣.៥៣៦ដុល្លារ អាមេរិក។

ទន្ទឹមគ្នានោះ សម្ដេចក្រឡាហោម ក៏បានអញ្ជើញ កាត់ឬសសីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុងវត្តមេលប់ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។ សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស២០ម៉ឺនរៀល, និងទិសឥន្ទកិល៣០ម៉ឺនរៀល, ប្រគេនសម្រាប់កសាងវត្តចំនួន៥០លានរៀល, ឧបត្ថម្ភសាលាស្រុកចំនួន១លានរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន១០នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៥០ នាក់ក្នុងម្នាក់ ២ ម៉ឺនរៀល, ឧបត្ថម្ភយុវជនស.ស.យ.ក ចំនួន ១០០ នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល, ឧបត្ថម្ភយុវជនកាក់បានក្រហមចំនួន១០០នាក់ ក្នុងម្នាក់ៗ ១ ម៉ីនរៀល, យុវជនកាយរឹទ្ធិចំនួន ១០០ នាក់ ក្នុងនាក់ៗ ១ម៉ឺនរៀល, សិស្សានុសិស្សចំនួន២៥០នាក់ក្នុងម្នាក់ៗ ថវិការ ១ម៉ន រៀល, យាយជី តាជីចំនួន១០០នាក់ ក្រណាត់សមួយដុំ ថវិកា១ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង