មេប៉ូលិសស្រុកបាទីច្រានចោលព័ត៌មានមិនពិតរបស់ Facebook ឈ្មោះ Sovann Rithy -សុវណ្ណ រិទ្ធី និងមួយចំនួនទៀត ចោទថាមានករណីប្រើពូថៅកាប់លើកញ្ចក់រថយន្តផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង

តាកែវ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ Facebook ឈ្មោះ Sovann Rithy -សុវណ្ណ រិទ្ធី និងមួយចំនួនទៀតដែលបានចោទថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។

បើតាមលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានចេញមកបញ្ជាក់ឲ្យដឹងច្បាស់ៗថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិ២ ក្តី និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រ ស្រុកបាទី។ ព័ត៌មានដែល Facebook មួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើងនៅកន្លែងផ្សេង ហើយបើតាមព័ត៌មានមួយចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ នៅខេត្តបាត់ដំបង។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឲ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះបើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍តែមួយពេល ធ្វើឲ្យសង្គមជាតិចលាចលនោះ៕

អត្ថបទដែលជាប់ទាក់ទង