អធិការខណ្ឌដង្កោមកទល់ម៉ោងនេះ នៅមិនទាន់តាមចាប់ក្រុមជនបង្កគប់ដុំថ្មលើយុវជនម្នាក់បណ្ដាលឲ្យរបួសធ្ងន់នៅឡើយទេ!
ភ្នំពេញ៖ តាមប្រភពពីស្ត្រីម្នាក់ដែលបានអះអាងថា ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សុភ័ក្ត្រា អាយុ ២០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិស្រែញរ៍ សង្កាត់ពងទឹក មានស្រុកកំណើតសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលត្រូវបានជនមិនស្គាល់មុខចំនួន៥ម៉ូតូជិះដេញតាម និងយកដុំថ្មគប់បណ្តាលឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ នៅចំណុចស្តុបវត្តស្លែង ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មកទល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះសមត្ថកិច្ចខណ្ឌដង្កោ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌ នៅមិនទាន់វែកមុខ ស្រាវជ្រាវ រកចាប់ជនបង្កបាននៅឡើយនោះទេ។
ប្រភពពីស្ត្រីខាងលើបានរៀបរាប់ឲ្យដឹងពីដំណើររឿងនៅមុនកើតហេតុថា «ពួកអាបាតសង្គមគប់ប្អូនខ្ញុំ នៅថ្ងៃទី២៥ ខែកុម្ភៈប៉ុន្តែរកភស្តុតាង ចាប់អត់បាន អត់ដែលស្គាល់ទេ ប្អូនខ្ញុំជូនមិត្តភក្ដិទៅផ្ទះ ពេលត្រឡប់មកវិញ មានម៉ូតូជិះដេញពីក្រោយ ដំបូងស្មានតែអ្នកដំណើរជិះតាមផ្លូវធម្មតាដូចគ្នាប្អូនខ្ញុំក៏មិនបានចាប់អារម្មណ៍ ដល់ចំណុចផ្លូវស្ងាត់ពួកវាបិទភ្លើង៣ម៉ូតូ បើកភ្លើង២ម៉ូតូគ្នាវាទាំងអស់ ទើបដឹងថាគេដេញតាមពីក្រោយមករហូត ជិះលឿនគេចពួកវា តែមកដល់ចំណុចផ្លូវបត់ចូលផ្ទះក៏បង្អង់ល្បឿន ពួកវាតាមទាន់ គប់ដុំថ្មត្រូវក្បាលធ្ងន់ធ្ងរ ហើយពួកនោះក៏ជិះទៅបាត់អស់ទៅ»។
ប្រភពដដែលបន្តថា ជនរងគ្រោះទើបចេញពីមន្ទីរពេទ្យប្រហែល២សប្តាហ៍នេះទេ និងទទូចស្នើសុំសមត្ថកិច្ចជួយពន្លឿនការស្រាវជ្រាវ រកយុត្តិធម៌ ចាប់ជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ជូនចំពោះប្អូនរបស់គាត់ផង។
ជុំវិញករណីខាងលើ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អ្នកកាសែតនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ថា៖ ខ្ញុំនឹងខំប្រឹងប្រែង សំខាន់ឲ្យតែជនរងគ្រោះប្រាប់ពីព័ត៌មានលម្អិតច្បាស់លាស់ យើងអាចស្រាវជ្រាវបានហើយ៕ ដោយ៖ ការីនិពន្ធ