ក្រុមអ្នកលេងជំពាមកៅស៊ូនៅស្រុកឱរ៉ាល់ ពេលនេះប៉ូលិសខេត្តកំពង់ស្ពឺក្របួចបាន៣នាក់ហើយ
កំពង់ស្ពឺ៖ ក្រោយពីទទួលបានព័ត៌មានថា មានករណីក្រុមក្មេងទំនើងមួយក្រុមដែលជិះម៉ូតូគប់រថយន្ដអ្នកដំណើរ និងប្រើជំពាមកៅស៊ូបាញ់មកលើរថយន្ដ ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៤៤ កាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានល្បាតពួនស្ទាក់នៅចំណុចភូមិសាស្រ្ដផ្លូវជាតិលេខ៤៤ នៅវេលាម៉ោង ២៣និង១០នាទី ត្រង់ចំណុចគីឡូម៉ែត្រ៣៦-៣៧ ក៏បានឃើញមុខសញ្ញាសង្ស័យក្រុមក្មេងជិះម៉ូតូ២គ្រឿង។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់សាកសួរនិងពិនិត្យ ម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវគ្មានឯកសារ ជិះគ្នាពីរនាក់ និងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ 1I-4633 ជិះម្នាក់ឯង កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញឧបករណ៍សម្ភាររួមជាមួយកូនកាំបិតចុងស្រួច១ ជំពាមកៅស៊ូ២ គ្រាប់ជំពាម៤គ្រាប់ ដុំថ្មច្រកថង់។
ក្រុមក្មេងទំនើងរួមមាន៖១-ឈ្មោះ សុខ រឹម អាយុ២០ឆ្នាំ, ទី២-ឈ្មោះ ណាង ចិន្ដា អាយុ១៩ឆ្នាំ,ទី៣-ឈ្មោះ វ៉េត សាវិន អអាយុ១៩ឆ្នាំ។ ពួកគេរស់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ជំពាមទៅលើរថយន្តអ្នកដំណើរពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសារមកហើយ។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៀត៕