ឃាត់ខ្លួនជាជនជាតិថៃ៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈ
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ បបានឃាត់ជនសង្ស័យជនជាតិថៃចំនួន៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថម្នាក់បានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ក្រោយទទួលបានពាក្យបណ្ដឹងរបស់នារីរងគ្រោះ អាយុ ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់៖ *ទី១-ឈ្មោះ ភីឡាផុន ឃុនដែងឌី (ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជជនជាតិថៃ,*ទី២.ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ, *ទី៣-ឈ្មោះ វ័រឡាវុធ កិណតាន់ (អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ និង*ទី៤-ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។ លោកបន្តថា ជនសង្ស័យទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រីបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លេីយថា ពួកខ្លួនពិតបានរំលោភសេពសន្ទវៈលើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។
បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ៕ ដោយ៖ ការីនិពន្ធ