តុលាការសម្រេចបើកការស៊ើបសួរលើជនសង្ស័យ ក្នុងហេតុការណ៍ បុកមនុស្សស្លាប់ ៤នាក់ នៅចំណុចស្ពានឫស្សីកែវ

អ្នកបើកបររថយន្ដ Ford បុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ និងរបួស៤នាក់ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចស្ពានអាកាសឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ ពីបទ «បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg និងរបួសស្លាប់មនុស្សច្រើននាក់»។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន The  Mirror News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការសម្រេចចោទប្រកាន់នេះ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អំពីករណីគ្រោះថ្នាក់ចរាចរណ៍។

បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការសម្រេចបើកការស៉ើបសួរទៅលើជនសង្ស័យឈ្មោះ នាង សំអូន នេះ ផ្អែកតាមមាត្រា៨៣ កថាខណ្ឌ២ ចំណុច ខ,គ និងមាត្រា៨៥ កថាខណ្ឌ២ ចំណុច ខ,គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

គួររំលឹកថា មានមនុស្សប្រុសស្រី០៤នាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដ និងម៉ូតូជាច្រើនគ្រឿង ឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះ ចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿង និងរថយន្ដចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាត គាបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ។ ដោយឡែកអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ ក្នុងនោះស្រី៣នាក់ និងរងរបួសធ្ងន់ស្រាលមួយចំនួនទៀត ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត​។ ភ្លាមៗអ្នកបើកបរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ ដើម្បីសួរនាំ។

ភាគីបង្កបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5954 បើកបរដោយឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (មន្រ្តីគយ) មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)៕

អត្ថបទដែលជាប់ទាក់ទង