នៅទីបំផុត, ជនបង្កបើករថយន្តបុករះបណ្តាលឲ្យស្លាប់៤នាក់ និងរបួស៤នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ
នៅទីបំផុត, សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឃុំខ្លួនបុរសដែលបើករថយន្ត Ford Ranger ដែលបុករះម៉ូតូ និងរថយន្ដជាច្រើនគ្រឿង បណ្តាលឱ្យមនុស្សប្រុស ស្រីចំនួន ៤នាក់ បានស្លាប់បាត់ជីវិតនៅក្រោមស្ពានអាកាសឫស្សីកែវហើយ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បណ្តាលឱ្យស្លាប់មនុស្ស ០៤នាក់ (ស្រី០៣នាក់) និងរងរបួសមនុស្ស ០៤នាក់ (ស្មើ ០៣នាក់) ដែលមានជនត្រូវចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច និងមាត្រា ៥៨ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។
គួររំលឹកថា សូមបញ្ជាក់ថា មនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕