ស្ត្រីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់បានថ្លែងអំណរគុណដល់តុលាការព្រៃវែង ដែលបានផ្ដល់យុត្តិធម៌លឿនជូនគាត់ ត្រឹមមួយថ្ងៃ ខណៈរូបគាត់ក៏យល់ព្រមដកពាក្យបណ្ដឹង

កាលពីវេលាម៉ោង៨៖១៥នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិស្គរដាច់ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលក្នុងនោះ ក្មេងប្រុសមានអាយុ ១៧ឆ្នាំ បានជិះម៉ូតូទៅប៉ះជនរងគ្រោះមានអាយុ ៤៥ឆ្នាំ ដែលបានធ្វើដំណើរដោយថ្មើរជើងស្របផ្លូវគ្នា។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលបានការជួយមួយផ្នែកពី ប.ស.ស.។ ក្រោយពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តព្រៃវែង។ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានទទួលចាត់ការលើសំណុំរឿងចរាចរណ៍លេខ ១១២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣នេះភ្លាម ដោយក្រុមការងារបានព្យាយាមសម្របសម្រួលរវាងភាគីជនបង្ក និងភាគីជនរងគ្រោះ រយៈពេលពេញមួយថ្ងៃរហូតទទួលបានការព្រមព្រៀងពីគូភាគីទាំងពីរ។

តាមរយៈការចរចា និងសម្របសម្រួល ភាគីជនបង្កបានយល់ព្រមជូនសំណងទៅកាន់ភាគីជនរងគ្រោះចំនួន ១៨លានរៀល ដោយផ្តល់ជូនទឹកប្រាក់ចំនួន១២លានរៀលជាមុន និងបានសន្យារំលោះប្រាក់ដែលនៅសល់ចំនួន ៦លានរៀលទៀតក្នុងរយៈពេល២០ខែ។ ដោយឡែក ភាគីជនរងគ្រោះបានយល់ព្រមទទួលសំណងនេះ និងបានដកពាក្យបណ្តឹងមកវិញ។ 

ក្រុមគ្រួសារសាច់ញាតិរបស់ភាគីរងគ្រោះ មានភាពសប្បាយរីករាយជាខ្លាំង និងថ្លែងនូវអំណរគុណ ព្រមទាំងសម្តែងភាពជឿជាក់ចំពោះប្រព័ន្ធតុលាការដែលបានផ្តល់យុត្តិធម៌ដល់គាត់និងក្រុមគ្រួសារ ដោយគាត់ពុំបានចំណាយទឹកប្រាក់សូម្បីមួយរៀលទៅលើនីតិវិធីនៃការដោះស្រាយសំណុំរឿងរបស់គាត់នៅតុលាការនោះទេ។

សូមថ្លែងអំណរគុណដល់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ដែលបានអនុវត្តនូវបទបញ្ជាយ៉ាងម៉ត់ចត់របស់ថ្នាក់ដឹកនាំ ក្នុងការពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលករណីបទល្មើសចរាចរណ៍ គឺជាករណីអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។

គួរជម្រាបថា ក្រសួងយុត្តិធម៌ បានរៀបចំឱ្យមានក្រុមការងារទទួលបណ្ដឹងពីប្រជាពលរដ្ឋក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានលេខទូរស័ព្ទ ០៩៩ ៤៤៤ ១៨១៕

អត្ថបទដែលជាប់ទាក់ទង