បង្ក្រាបគ្រឿងញៀនជាងមួយតោន ខណៈឈ្មួញលួចដឹកតាមសមុទ្រនៅខេត្តព្រះសីហនុ
កម្លាំងជំនាញបានបើកប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនឈ្មួញជួញដូរគ្រឿងញៀនលួចដឹកតាមសមុទ្រចំនួន៥នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ១តោន។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។
ប្រភពបានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីនដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ និងបានបញ្ជូនខ្លួនពួកគេ មកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
សូមរម្លឹកផងដែរថា កាលពីកាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះ កម្លាំងសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានបង្ក្រាបករណីគ្រឿងញៀនបានប្រមាណជាង ១តោនដូចគ្នា នៅស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ៕