ក្រសួងបរិស្ថានសម្រេចបានកិច្ចការធំៗមួយចំនួនដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី»។
ការបញ្ជាក់ខាងលើនេះ ក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នារាត្រីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។
ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យក្រសួងបរិស្ថានដំណើរការទៅបានយ៉ាងរលូន ជាមួយគ្នានោះ ក៏ធ្វើឱ្យមានការផ្លាស់ប្តូរលើវិស័យបរិស្ថានផងដែរ។ ដែលទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បងប្អូនមន្ត្រីរាជការដែលជាស្ត្រីបានឡើយ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថានមានមន្ត្រីជាស្ត្រីចាប់ពីថ្នាក់មន្ត្រីរហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ទៀតថា ក្រសួងក៏បានបណ្តុះអ្នកបន្តវេនជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យទៅសិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយផលិតភាពរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ លើវិស័យកិច្ចគាំពារបរិស្ថាន បងប្អូនស្ត្រីបានចូលរួមអនុវត្ត និងដឹកនាំគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះបណ្តាលជាដើម។ ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យបរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយសង្គមជាតិតែម្តង៕
គួររម្លឹកឱ្យដឹងថា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕