លោកស្នងការខេត្តព្រៃវែងបញ្ជាឲ្យបុស្ដិ៍នគរបាលរដ្ឋបាលត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ បានបង្កើត Channel Telegram «t.me/PreyVengPolice» ផ្លូវការលើអ្វីដែលកំពុងមានស្រាប់ នៅលើបណ្ដាញ ទំនាក់ទំនងសង្គម ដើម្បីជាមធ្យោបាយបន្ថែមក្នុងការផ្តល់ព័ត៌មាន ទៅឲ្យកាន់តែគៀកប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាការយកចិត្តទុកដាក់ពីសុខសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ថា ការបង្កើត Channel Telegram ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនេះ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មានពីសមត្ថកិច្ច ដោយមានទាំងការបម្រើសេវា និងការបង្ក្រាបនូវបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានខេត្តព្រៃវែង។
លោកស្នងការបានបញ្ជាក់ពីមធ្យោបាយដែលប្រជាពលរដ្ឋអាចផ្ដល់ព័ត៌មាន ឬសុំកិច្ចអន្ដរាគមន៍មកកាន់នគរបាលវិញដែរ ដោយអាចទូរស័ព្ទទៅកាន់លេខប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ០៩៧ ៧៧៨ ០០០៦ ឬអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧។
ជាមួយគ្នានោះ លោកក៏បានណែនាំដល់មន្ដ្រីនគរបាលនៅមូលដ្ឋានទាំងអស់ ត្រូវត្រៀមខ្លួនម្ចាស់ការជានិច្ច ដើម្បីទទួលរាល់បណ្ដឹងសុំការជួយអន្ដរាគមន៍ សំណើរ សំណូមពរពីប្រជាពលរដ្ឋដោយផ្ទាល់ ពិសេសនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយត្រូវប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីបម្រើប្រជាពលរដ្ឋ៕