រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធានវិការផ្លូវ បើមានការបិទផ្លូវសាធារណៈដើម្បីដោះស្រាយវិវាទរបស់ខ្លួន

ភ្នំពេញ៖ បន្ទាប់ពីមានការតវ៉ារបស់អតិថិជនដែលបានទិញផ្ទះនៅបុរី វីអាយភីរហូតឈានដល់ការបិទផ្លូវសាធារណៈរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការតវ៉ាបិទផ្លូវរបស់អតិថិជន ដែលបានទិញផ្ទះនៅបុរី វីអាយភី ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញភ្លាមៗ។ នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវសាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួកគាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវរហូតដល់ម៉ោង ០២:២០នាទីរសៀល។

រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះអ្នកបានទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរគប្បីតវ៉ាបិទផ្លូវសាធារណៈដែលជាទង្វើយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងវិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការគូសបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទការអនុវត្តកិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណីស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមានការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។

ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ
ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្តប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមករដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។

បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងបន្តខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើការសម្របសម្រួលតាមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំដៅស្វែងរកច្រកចេញដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់យ៉ាងណាក្តី ក៏មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុកយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជនទូទៅ ដែលកន្លងមកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការសម្របសម្រួលដោះស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។

សកម្មភាពខុសច្បាប់បិទផ្លូវសាធារណៈព្រឹកមិញនេះ បានធ្វើឱ្យសាធារណជនមានការខកចិត្ត ស្រងាកចិត្ត ដោយបានប្រែក្លាយពីសមានចិត្តអាណិតអាសូរ ឈឺឆ្អាល មកខឹងសម្បា អាក់អន់ស្រពន់ចិត្តចំពោះការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍
របស់ពួកគាត់ក្នុងការធ្វើដំណើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងខិតខំជ្រោមជ្រែងជួយដោះស្រាយកន្លងមក ក៏មានការលំបាកក្នុងការបន្តដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះទៀតផងដែរ ដោយសារបងប្អូនមិនទទួលយកសំណូមពរពីអាជ្ញាធរសោះឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុសច្បាប់នានា ដូចករណីបិទផ្លូវសាធារណៈនៅថ្ងៃនេះ ហើយសូមអំពាវនាវនៅពេលខាងមុខកុំឱ្យយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួនបែរជាធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។

ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមានសំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង