សមត្ថកិច្ចចាប់ខ្លួនអ្នកប្រឌិតរឿងស្ដ្រីម្នាក់ ចោទប្រកាន់ក្រុមប៉ូលិសចរាចរណ៍នៅស្ដុបក្ដាន់ពីរ ដោយបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ហើយ
បុរសម្នាក់ដែលប្រឌិតរឿងស្ដ្រីឈ្មោះ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅស្ដុបក្ដាន់ពីរ ពាក់ព័ន្ធការផាកពិន័យ និងសុំលេខទូរស័ព្ទដើម្បីឆាតសារសងក្នុងន័យស្នេហា ដែលបង្កឲ្យមានការយល់ច្រឡំ និងតិះតៀនពីសាធារណៈមតិនៅតាមបណ្ដាញសង្គម Facebook កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤បានឲ្យអ្នកសារព័ត៌មានដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ យិន សុផាណា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យដែលប្រឌិតព័ត៌មានក្លែងក្លាយនាំឲ្យមានការយល់ច្រឡំនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈបក្ខពួកផ្សេងទៀត ដែលសង្ស័យពាក់ព័ន្ធកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដ។
គួររំលឹកថា កាលពីសប្ដាហ៍កន្លងទៅនេះ មានការចែកចាយព្រោងព្រាត និងចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រធានបទមួយនោះគឺនារីស្រស់ស្អាតម្នាក់មានឈ្មោះ ម៉ូលីកា បានទម្លាយសារឆ្លើយឆ្លងរវាងនាង និងមន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលអះអាងថា ខ្លួនមានតួនាទីជានាយរងការិយាល័យចរាចរណ៍ជើងគោក រហស្សនាម «ព្រួញ៧៧» ប្រចាំនៅគោលដៅក្តាន់២ ចាប់ផាកពិន័យ និងបានសុំលេខទូរស័ព្ទឆាតមកឆ្លើយឆ្លងតាមស្នេហ៍ទៀតផង។
ក្រោយផ្ទុះនូវការចែកចាយនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ។ រហូតរំលងបានប៉ុន្មានថ្ងៃ វាំងននខ្មៅនៃរឿងរ៉ាវនេះ ត្រូវបានលោកស្នងការលាតត្រដាងការពិត និងបានអះអាងថា សាច់រឿងនេះជាការប្រឌិតឡើងទាំងស្រុង ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
- ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណាគ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ៕