ឥទ្ធិពលនៃគ្រឿងញៀនបណ្ដាលឲ្យបុរសបែកថ្នាំម្នាក់ទាញកាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម

បុរសបែកម្នាក់កាលពីវេលាម៉ោង២៣៖០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។

ជនសង្ស័យឈ្មោះ  ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ ៣០ឆ្នាំ នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្ត ត្រូវជនសង្ស័យលបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពបានឲ្យដឹងថា ក្រោយពីបានទទួលបានដំណឹង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងអន្តរាគមន៏ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរះ អធិការនគរបាលស្រុកឯកភ្នំ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃន ចំរើន ហៅងិត នៅវេលាម៉ោង៧៖៥០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

ប្រភពបន្តថា ក្រោយពីបានសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពប្រេីប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។  ប្រភពបញ្ជាក់ថា ជនសង្ស័យជាមនុស្ស ប្រើប្រាស់គ្រឿងញៀនរហូតបែកថ្នាំ។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង