ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាខេត្តព្រះសីហនុសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង២នាក់ ជនជាតិចិនតៃវ៉ាន់ ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៤លានរៀល
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទចំនួន២នាក់៖ *ទី១-ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និង *ទី២-ឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ជនត្រូវចោទចំនួន២នាក់ខាងលើនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វត្ថុតាងមានសកម្មភាព ការថតសំដែងនិយាយជាភាសាចិនដែលនាំឱ្យសាធារណជនភ័ន្តច្រឡំ។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាប់ចោទទាំង២នាក់ ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារ០២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ០៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕