រដ្ឋមន្រ្ដីព័ត៌មាន៖ ឆ្នាំ២០២៤ ជាឆ្នាំដែលក្រសួងព័ត៌មានធ្វើការពិនិត្យវាយតម្លៃឡើងវិញនូវតូនាទីភារកិច្ច និងការវិភាគមុខងារដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវចាប់ប្រាំង លើការវាយតម្លៃឡើងវិញនូវតូនាទីភារកិច្ច និងការវិភាគមុខងាររបស់ក្រសួងព័ត៌មាន ដើម្បីរៀបចំកិច្ចការងារ និងទិសដៅសំខាន់ៗ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងព័ត៌មាន និងលើកទិសដៅអនុវត្តន៍ការងារបន្ត នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារនីតិកម្មក្រសួងព័ត៌មានបានបានថ្លែងថា ក្រសួងព័ត៌មាន ដែលជាក្រសួងបច្ចេកទេស យុទ្ធសាស្រ្ត និងនយោបាយផងដែរនោះ ត្រូវតែធ្វើការកែទម្រង់ រៀបចំកិច្ចការងារ និងទិសដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងការរៀបចំរចនាសម្ព័ន្ធឱ្យបានល្អរឹង។ ឯកឧត្ដមបានរម្លឹកថា ក្រសួងព័ត៌មាន បានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ហើយនៅឆ្នាំ១៩៩៥ មានច្បាប់ស្តីពីរបបសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីដំណើរការវិវឌ្ឍន៍ថ្មីៗរបស់ក្រសួងព័ត៌មាន នៅដើមអាណត្តិទី៧ ក្នុងរយៈពេលជាង ៥ខែកន្លងមកនេះ បានដាក់ចុះនូវការកំណែទម្រង់ស៊ីជម្រៅ នៅច្រើនមុខព្រួញ ហើយដាក់ចេញនូវទិសដៅការងារសំខាន់ៗឲ្យចំទិសដៅរបស់ក្រសួងព័ត៌មាន ដែលមានទំហំការងារធំ ជាក្រសួងគន្លឹះលើការងារព័ត៌មាន។

ឯកឧត្ដមបានបន្ដថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ជាទិសដៅយុទ្ធសាស្រ្តលើការគ្រប់គ្រងស្ថាប័ន និងការងារកែទម្រង់ស្ថាប័នក្រសួងព័ត៌មាន ត្រូវធ្វើឱ្យបានស៊ីជម្រៅ ហើយត្រូវតែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បានដាក់ចុះនូវការដ្ឋានជាច្រើនក្នុងការបន្តកំណែទម្រង់ ស៊ីជម្រៅ ដោយផ្តោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ពង្រឹងប្រសិទ្ធភាពស្ថាប័ននិងគុណភាពការងារ ការអភិវឌ្ឍមូលដ្ឋានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការជាមួយដៃគូ និងកិច្ចគាំពារមន្ត្រីដោយប្រកាន់គោលការណ៍គុណាធិបតេយ្យ និងមានសមត្ថភាព ត្រូវផ្ដល់ការលើកទឹកចិត្ត។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន បាននិងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និងការពង្រឹងសន្តិសុខព័ត៌មាន ដែលសំដៅលើការធានានូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ខណៈប្រព័ន្ធផ្សព្វផ្សាយទំនើបបាន និងកំពុងដើរតួនាទីជាប្រភពព័ត៌មានសំខាន់សម្រាប់សាធារណជន។

ឯកឧត្ដមបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជនពិតជាដើរតួនាទីសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម និង ជាចំណែកនៃការធានានូវសិទ្ធិទទួលព័ត៌មាន និងសិទ្ធិដឹងរបស់សាធារណជន និងចូលរួមជាមួយអាជ្ញាធរក្នុងការដោះស្រាយបញ្ហាទាន់ពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ប្រសិទ្ធភាពស្ថាប័នក្នុងក្របខណ្ឌនៃការធ្វើទំនើបកម្មស្ថាប័ន គឺដើម្បីពង្រឹងប្រសិទ្ធភាពនិងគុណភាពការងារ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង