រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា ផ្តល់អនុសាសន៍ជាគន្លឹះសំខាន់ៗ ចំនួន៥ចំណុច ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នារសៀលថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សរុបចំនួន ១.០០៧រូប ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន១០៥រូប ក្នុងគោលបំណង៖

*ទី១៖ ស្វែងយល់ពីសមិទ្ធផលបញ្ហាប្រឈម និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាល។

*ទី២៖ ពិភាក្សារកវិធីសាស្រ្តដើម្បីលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការប្រតិបត្តិឱ្យបានត្រឹមត្រូវទាំងបច្ចេកទេសវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងសម្បទាវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលដែលមានសុវត្ថិភាពដល់អ្នកជំងឺ ឬអតិថិជន។

បន្ទាប់ពីទទួលជ្រាបនូវរបាយការណ៍សង្ខេប និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀតជូនដល់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់លើ៖

*ទី១៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និងគ្រប់កម្រិតទាំងថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។

*ទី២៖ ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌ វិន័យ និងវិធីសាស្រ្តក្នុងការបំពេញការងារ

*ទី៣៖ ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវា

*ទី៤៖ ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ

*ទី៥៖ ក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ ក្រមសីលធម៌ ព័ត៌មាន បច្ចេកវិទ្យា និងសមាហរណកម្ម៕

អត្ថបទដែលជាប់ទាក់ទង