ឯកឧត្ដម ហ៊ុន ម៉ានី ប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើស
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី នៅលើទំព័ត៌ហ្វេសប៊ុកនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា នេះជាការរៀបចំសេណារីយោថត ដែលមានចេតនាទុច្ចរិតសុទ្ធសាធ របស់ជនបរទេសទាំង២នេះ ក្នុងការមួលបង្កាច់នូវអ្វីដែលជាស្ថានភាពជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព។
ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងមុខមាត់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើបែបនេះកើតឡើងសារជាថ្មីម្តងទៀតនោះទេ។
ឯកឧត្ដម ហ៊ុន ម៉ានី បានគាំទ្រដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាបបទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាតឱ្យមានអំពើទុច្ចរិតបែបនេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយជនបរទេសពីប្រទេសណាមួយនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ហ៊ុន ម៉ានី សូមអំពាវនាវដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ចូលរួមទប់ស្កាត់ការចែកចាយ និងផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈបំភ្លៃការពិត និងមានចរិតញុះញង់ឱ្យមានការយល់ច្រលំមកលើសង្គមជាតិរបស់យើង៕