សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន
ការកសាងផ្លូវនិងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយដ៏ចាំបាច់ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តយកនូវគោលនយោបាយនេះផងដែរ។
ជាក់ស្ដែងនាព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០ ២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញមួយខ្សែទៀត បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋាន សាងសង់ស្ពានមួយខ្សែនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មានផ្លូវកាន់តែច្រើន ក្តីសង្ឃឹមក៏កាន់តែច្រើន។ សម្តេចបន្តថា ផ្លូវ ដូចសរសៃឈាមអ៊ីចឹង ផ្លូវទៅដល់ទីណា ជួយចិញ្ចឹមសរីរាង្គនៅទីនោះ។
ជាមួយនេះ សម្តេចធិបតីបានថ្លែងថា ផ្លូវមិនមែនប្រើសម្រាប់តែការធ្វើចំណាកស្រុកប៉ុណ្ណោះទេ តែផ្លូវបានរួមចំណែករុញរោងចក្រ និងការងារជូនប្រជាពលរដ្ឋ។
សម្តេចធិបតីបន្ថែមថា បច្ចុប្បន្នកម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន២៥ស្ពាន។ ក្នុងនោះ ស្ពានចំនួន១៩ ធ្វើរួចរាល់, ៣ស្ពានកំពុងសាងសង់ និង៣ស្ពានទៀត កំពុងសិក្សា។ សម្ដេចបន្តថា កន្លែងណាធ្វើផ្លូវ បង្ហាញថា កន្លែងណុងមានប្រជាពលរដ្ឋ មានការអភិវឌ្ឍន៍។
ទន្ទឹមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មហិច្ឆតារបស់កម្ពុជា មិនត្រឹមតែសាងសង់ផ្លូវប៉ុណ្ណោះទេ គឺសាងសង់ដោយខ្លួនឯងថែមទៀត តាមរយៈការបណ្តុះបណ្តាលវិស្វករ៕