បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង៣ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី

ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនពីរ សម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា តំណាងដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទ យុត្តិធម៌កម្ពុជា និងគ្រឹះស្ថានបណ្តុះបណ្តាលចំនួនពីររបស់បារាំង គឺ សាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ តំណាង ដោយលោកសាស្ត្រាចារ្យ Olivier GOUT ព្រឹទ្ធបុរសនៃមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី បារាំង តំណាងដោយលោក Mustapha MEKKI អគ្គនាយកនៃវិទ្យាស្ថាន។ កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖

១.កិច្ចព្រមព្រៀងរវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ ដែលធ្វើឡើង សម្រាប់រយៈពេល៥ឆ្នាំ កំណត់ក្របខណ្ឌសហប្រតិបត្តិការលើ៖ (១)-ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាទៅវិញទៅមករវាង គ្រូបណ្តុះបណ្តាល និងអ្នកស្រាវជ្រាវនៃស្ថាប័នទាំងពីរ ដើម្បីអភិវឌ្ឍគម្រោងស្រាវជ្រាវរួមគ្នា (២)-ការផ្លាស់ប្តូរឯកសារ ដែលបានបោះពុម្ព និងប្រភពព័ត៌មានសិក្សាស្រាវជ្រាវកម្រិតសាកលវិទ្យាល័យ និង (៣)-ការលើកកម្ពស់សកម្មភាព សាកលវិទ្យាល័យដោយរួមបញ្ចូលទាំងការផ្លាស់ប្តូរនិស្សិត និងការជំរុញឱ្យមានកម្មវិធីបណ្តុះបណ្តាលរួមគ្នា។

ក្នុងស្មារតីនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយឡែក ដើម្បីដាក់ឱ្យដំណើរការក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនូវកម្មវិធីសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់ខាងតុលាការ (DU Etudes Judiciaires) នៅសាលាច្បាប់នៃ ប.ក.យ.ក.។

កម្មវិធីសិក្សានេះ ដែលធ្វើឡើងជាភាសាខ្មែរ និងភាសាបារាំង (បកប្រែជាភាសាខ្មែរ) នឹងផ្តល់ជូននិស្សិតនូវសញ្ញាបត្រ២គឺបរិញ្ញាបត្រជាន់ខ្ពស់ជំនាញខាងតុលាការដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជានិងសញ្ញាបត្រកម្រិតសាកលវិទ្យាល័យ ដែលចេញដោយសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ នៃប្រទេសបារាំង។

កម្មវិធីសិក្សានេះផ្តោតសំខាន់ លើចំណេះដឹង និងការអនុវត្តពាក់ព័ន្ធនឹងវិស័យតុលាការ ដើម្បីឱ្យនិស្សិតត្រៀមលក្ខណៈប្រឡងប្រជែងចូលរៀននៅសាលាភូមិន្ទវិជ្ជាជីវៈទាំង៤ នៃ ប.ភ.យ.ក. (សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា,សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទក្រឡាបញ្ជី និងសាលាភូមិន្ទសារការី) ក៏ដូចជាចូលបម្រើការងារក្នុងវិស័យយុត្តិធម៌ប្រកបដោយចំណេះ និងជំនាញខ្ពស់។

២.កិច្ចព្រមព្រៀងរវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការីបារាំង ដែលធ្វើឡើងសម្រាប់រយៈពេល៥ឆ្នាំ កំណត់ក្របខណ្ឌសហប្រតិបត្តិការលើ៖ (១)-ការរៀបចំការបណ្តុះបណ្តាលបន្ត និងការផ្លាស់ប្តូរបទពិសោធន៍នៃការអនុវត្តវិជ្ជាជីវៈសារការី ជាអាទិ៍ ការរៀបចំសន្និសីទ សិក្ខាសាលា និងការបណ្តុះបណ្តាលដែលមាន លក្ខណៈអនុវត្ត, (២)-ការជំរុញការផ្លាស់ប្តូរនិស្សិត និងកម្មសិក្សាការី រវាងកម្ពុជា និងបារាំង និង(៣)-ការជំរុញការ ផ្លាស់ប្តូរទៅវិញទៅមកនូវគ្រូបង្រៀន អ្នកស្រាវជ្រាវ និងវាគ្មិនដែលមានជំនាញខាងវិជ្ជាជីវៈសារការី។

ក្នុងន័យនេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី នឹងធ្វើការរួមគ្នា ដើម្បីជំរុញការអនុវត្តសកម្មភាពអាទិភាពមួយចំនួន ដូចជា៖ ១) ការរៀបចំគម្រោងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈ ច្បាប់ និងយុត្តិធម៌ (មានរយៈពេល៣ឆ្នាំ) ដែលជាគ្រឹះតម្រង់ទិសសម្រាប់និស្សិតក្នុងការចូលរួមប្រឡងប្រជែងជ្រើសរើស ឯកទេសសារការី ឬវិជ្ជាជីវៈផ្សេងៗទៀត នៃសាលាភូមិន្ទវិជ្ជាជីវៈទាំង៤ នៃ ប.ក.យ.ក., ២). ការរៀបចំគម្រោងបណ្តុះបណ្តាល សញ្ញាបត្រកម្រិតសាកលវិទ្យាល័យ (ទុតិយភូមិ+៤ និងទុតិយភូមិ+៥) លើបច្ចេកទេសគតិយុត្ត, ៣). ការផ្តល់ជូន អាហារូបករណ៍ដល់និស្សិតដែលមានសមត្ថភាពខ្ពស់ និស្សិតស្ត្រី និស្សិតក្រីក្រ និងនិស្សិតជនជាតិដើមភាគតិច ជាដើម និង ៤). ការចែករំលែកជូនសាលាភូមិន្ទសារការីនូវយន្តការ ដែលវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការីបានអនុវត្តនៅ ប្រទេសបារាំង ទាក់ទងនឹងការទទួលអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ដទៃទៀត មកអនុវត្តវិជ្ជាជីវៈសារការី។

ការចុះកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទាំងពីរនេះត្រូវបានធ្វើឡើង ស្របតាមចក្ខុវិស័យ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យច្បាប់ និង យុត្តិធម៌ ដូចដែល ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ធ្លាប់បានចង្អុលបង្ហាញអំពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការ ពង្រឹង និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល នៅសាលាភូមិន្ទវិជ្ជាជីវៈទាំង ៤ នៃ ប.ភ.យ.ក. និងការដាក់ ឱ្យដំណើរការកាន់តែពេញលេញនូវសាលាច្បាប់ ដែលទើបត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមអភិក្រម៥ គឺ៖ សុក្រឹត្យភាព វិជ្ជាជីវូបនីយកម្ម គរុកោសល្យរស់រវើក បើកចំហជើងមេឃ និងនវានុវត្តន៍។ កិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទាំងពីរនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្តិធម៌ ដែលជាគោលដៅសារវន្តនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕

 

អត្ថបទដែលជាប់ទាក់ទង