បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ភាពជាគំរូ នៃការគ្រប់គ្រងអង្គភាព ជូនអង្គភាពដទៃទៀត
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងនៅលើទំព័ត៌ហ្វេសប៊ុកផ្លូវការរបសឯកឧត្ដមនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ថា ថ្ងៃនេះបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានធ្វើបទបង្ហាញក្នុងសិក្ខាសាលាពេញមួយថ្ងៃ ដើម្បីចែករំលែកបទពិសោធន៍ភាពជាគំរូ នៃការគ្រប់គ្រងអង្គភាព ជូនអង្គភាពដទៃទៀត ដែលអញ្ជើញមកពីបណ្តារាជធានីខេត្ត ទូទាំងប្រទេសប្រមាណ ២០០០នាក់។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលនឹងត្រូវប្រកាសទទួលស្គាល់ជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងលក្ខខណ្ឌអតិបរមា នៃលក្ខណៈវិនិច្ឆ័យ គោល លក្ខណៈវិនិច្ឆ័យគោលរង និងលក្ខណៈវិនិច្ឆ័យលម្អិត ក្រោមការវាយតម្លៃយ៉ាងហ្មត់ចត់ និងច្រើនដំណាក់កាល ប្រកបដោយការទទួលខុសត្រូវ សុចរិតភាព តម្លាភាព និងវិជ្ជាជីវៈកម្រិតខ្ពស់។ លើសពីនេះ ការដាក់ឱ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ មិនកំណត់ត្រឹមតែពានរង្វាន់ និងជ័យលាភីនោះទេ តែជាការសិក្សាឈ្វេងយល់ពីការគ្រប់គ្រង និងការផ្ដល់សេវារបស់បណ្ដាបេក្ខភាពដោយខ្លួនឯង និងការព្យាយាមកែលម្អជាបន្តបន្ទាប់នូវគុណភាព និងប្រសិទ្ធភាព ជាពិសេសការពេញចិត្តពីអ្នកទទួលសេវា ដែលទាំងនេះគឺជាភាពជោគជ័យរួមរបស់បេក្ខភាពប្រកួតប្រជែងទាំងអស់ ព្រោះថាសេវាល្អរបស់អង្គភាព គឺជាមោទនភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាព និងក៏ជាកិត្តិយសរបស់សហគមន៍ និងសង្គមជាតិយើងទាំងមូល។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមុខងារសាធារណៈ និង គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមពិតជាមានសេចក្តីរីករាយនិងមោទនភាព ដែលបានចូលរួមចំណែកគាំទ្រដល់ដំណើរការនៃការវាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមថា កិច្ចការនេះជាការទទួលស្គាល់យ៉ាងសំខាន់នូវកិច្ចខិតខំ និងសមិទ្ធផលរបស់ថ្នាក់ដឹកនាំ មន្រ្តីអប់រំ និងមន្រ្តីសុខាភិបាលគ្រប់រូបដែលបម្រើការនៅអង្គភាពផ្តល់សេវាសាធារណៈនៅមូលដ្ឋានដោយផ្ទាល់។ ទន្ទឹមនឹងនេះ ការវាយតម្លៃ និងទទួលស្គាល់នេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ទាំងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក៏ដូចជាការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕