ដំណើររបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសួរសុខទុក្ខឯកឧត្ដម ថាក់ស៊ីន បានធ្វើឱ្យកក្រើកព័ត៌មានទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់និងលើពិភពលោក
ដំណើររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញទៅសួរសុខទុក្ខអតីនាយករដ្ខមន្ត្រីថៃ ឯកឧត្ដម ថាក់ស៊ីន ដល់ភូមិគ្រឹះកណ្តាលនាក្រុងបាងកក ប្រទេសថៃ បានធ្វើឱ្យកក្រើកព័ត៌មានក្នុងប្រទេសកម្ពុជា បណ្តាញព័ត៌មានថៃ ព័ត៌មានក្នុងតំបន់ និងលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើដំណើរតាមយន្តហោះពិសេសទៅ កាន់ទីក្រុងបាងកក ប្រទេសថៃដើម្បីសួរសុខទុក្ខឯកឧត្ដម ថាក់ស៊ីន ដែលតុលាការទើបដោះលែងឱ្យមានសេរី ភាព ឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន បានក្លាយជាភ្ញៀវបរទេសដំបូងគេបង្អស់ដែលហោះទៅសួរសុខទុក្ខឯកឧត្ដម ថាក់ស៊ីន។ ជំនួបរវាងអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់កម្ពុជា និងរបស់ថៃបានក្លាយទៅជាព្រឹត្តិការណ៍ដ៏ចាប់អារម្មណ៍មួយនៅក្នុងសង្គមកម្ពុជា និងសង្គមថៃ ហើយបន្តចាប់អារម្មណ៍ដល់ក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងប្រទេសកម្ពុជាគ្រប់បណ្តាញព័ត៌មានទាំងជាខេមរភាសា និងភាសាបរទេស សុទ្ធតែបានរំលេច រូបភាពនៃជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ថាក់ស៊ីន អមដោយខ្លឹមសារបង្ហាញពីភាព ស្និទ្ធស្នាល រវាង អ្នកនយោបាយ ដ៏មាន ឥទ្ធិពល ទាំងពីរ រូបនេះ។ នៅឯប្រទេសថៃក៏ដូចគ្នាដែរ បណ្តាញព័ត៌មានរបស់ថៃ សុទ្ធតែបានចាប់អារម្មណ៍លើកព្រឹត្តិការណ៍នេះ ហើយបានចាប់មុំផ្សាយរៀងៗខ្លួន។
ព័ត៌មានល្បីៗរបស់ថៃដែលបានផ្សាយជំនួបបុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកនយោបាយទើបមានសេរីភាពរបស់ថៃ ក្រោយរស់ក្រៅប្រទេសជិត២០ឆ្នាំមានដូចជា៖ Bangkok Post, Thai PBS និង The nation ជាដើម។ ក្រៅពីនោះ គេក៏ឃើញមានទីភ្នាក់ងារព័ត៌មានរបស់សិង្ហបុរី CNA និងទីភ្នាក់ងារព័ត៌មានដ៏ល្បាញល្បីរបស់អង់គ្លេស REUTERS បានចុះផ្សាយនូវជំនួបនេះផងដែរ។
បើទោះបី ការចុះផ្សាយនេះមិនមានខ្លឹមសារអ្វីវែងឆ្ងាយនោះទេ ក្រៅតែពីព័ណ៌នាអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅរវាងសម្តេចតេជោ និងឯកឧត្ដម ថាក់ស៊ីន ក៏ដូចជាការព័ណ៌នាអំពីជំនួប និងការដកស្រង់ យកខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គម។
តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅទំព័រព័ត៌មានរបស់ REUTERS សរសេរដោយអ្នកសារព័ត៌មានជនជាតិថៃ បានឆ្លៀតបរិយាយដោយហៅសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនយោបាយគីឡូធ្ងន់ និងជាបុរសខ្លាំងរបស់កម្ពុជាជាដើម។
បើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញសង្គម បានឱ្យដឹងថា ជំនួបជាមួយឯកឧត្ដម ថាក់ស៊ីន មិនបាននិយាយរឿងនយោបាយនោះទេ គ្រាន់តែរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំ នៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។
សម្តេចតេជោបានរៀបរាប់យ៉ាងដូច្នេះ «ខ្ញុំបានមកសួរសុខទុក្ខបងធម៍ដល់ផ្ទះនៅទីក្រុងបាងកក។ ឯកឧត្តម ថាក់សុីន ទោះបីមានជំងឺ ក៏បានទទួលយើងក្នុងនាមជាបងប្អូនដោយមានការចូលរួម របស់ អ៊ុង អុីង កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។ ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញ អ៊ុង អុីង ប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤ និង១៥ មីនា ២០២៤ខាងមុខ។ អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់យើងទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រីដែលបានទទួលខ្ញុំនៅថ្ងៃនេះ»។
ក្រោយឃើញជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ថាក់ស៊ីន នាំឱ្យមានការលើកជាទស្សនៈ ពី មជ្ឈដ្ឋាន មហាជនផងដែរ។ ឯកឧត្ដម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានហៅសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានឥទ្ធិពល និងជាទីគោរពនៅក្នុងតំបន់ ឆាកអន្តរជាតិ ដោយសារលោកមិនត្រឹមតែជាតួរអង្គដ៏សំខាន់បំផុតក្នុងការពន្លត់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍ និងជាស្ថាបនិកនៃសន្តិភាព សម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកតែងតែឈឺឆ្ងាល និងព្យាយាមចូលរួមស្វែងរកដំណោះស្រាយ នៃវិបត្តិនយោបាយ ប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្ដម ព្រាប កុល បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែមានសមត្ថភាពពេញលេញ និងមានទេពកោសល្យពិសេសសក្តិសមជាមេដឹកនាំកំពូលនោះទេ តែក៏ជាឥស្សរជនមានគុណធម៌ ដ៏ធំធេងផងដែរ។ ជាក់ស្តែងសម្តេចរាប់អានមិត្ត ឬបងប្អូនធម៌ មិនមែនតែនៅពេលមិត្ត ឬបងប្អូនធម៌នោះ មានអំណាចនោះទេ ទោះក្នុងស្ថានភាពផ្សេងពីនោះ ក៏នៅតែរក្សាចំណងមិត្តភាព និងមនោសញ្ចេតនាជាមិត្ត ជាបងជាប្អូនធម៌ និងជាគ្រួសារលោកដែរ។
ឯកឧត្ដម ព្រាប កុល បានបញ្ជាក់ថា «នេះគឺជាគុណធម៌នៃមេដឹកនាំកំពូល និងជាគំរូសម្រាប់មនុស្សជាតិគ្រប់ជំនាន់»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដម ថាក់ស៊ីន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយបានរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មុនពេលឯកឧត្ដម ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។
បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ ឯកឧត្ដម ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាង ជិត ស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។ ក្នុងអំឡុងពេលរស់នៅក្រៅប្រទេស ឯកឧត្ដម ថាក់ស៊ីន និងក្រុមគ្រួសារ ហោះមកកម្ពុជាជួបសម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់។
កាលពីខែសីហា ឆ្នាំ២០២៣ មុននឹងធ្វើដំណើរចូលប្រទេសវិញ ឯកឧត្ដម ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ ក៏បានបង្ហាញខ្លួននៅផ្ទះសម្តេចតេជោផងដែរ ដើម្បីចូលរួមអបអរសាទរខួបកំណើតរបស់សម្តេច។ ក្រោយពេលឯកឧត្ដម ថាក់ស៊ីន ចូលដល់ប្រទេស ហើយត្រូវចាប់ខ្លួននោះ គេក៏បានឃើញលោកស្រី យីងឡាក់ បង្ហាញវត្តមាននៅផ្ទះរបស់សម្តេចផងដែរ។
តាមរយៈប្រវត្តិទំនាក់ទំនងដែលបានបង្ហាញនេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងស៊ីជម្រៅ និងជិតស្និទ្ធបំផុត រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្ដម ថាក់ស៊ីន និងក្រុមគ្រួសារ។ តាមរយៈទំនាក់ទំនងនេះ ក៏នាំឱ្យមានការលើកឡើងថា សម្តេចតេជោ ក៏ជាកូនសោមួយដ៏សំខាន់នៃជីវិតនយោបាយរបស់ឯកឧត្ដម ថាក់ស៊ីន ជាពិសេសកូនសោដែលជួយឱ្យឯកឧត្ដម ថាក់ស៊ីន ប្រែពីរស់និរទេស បានចូលស្រុកវិញ ប្រែពីអ្នកទោស ក្លាយជាអ្នកមានសេរីភាព៕