សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ៥ចំណុចដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ​ជា​អធិប​តីដ៏ខ្ពង់ខ្ពស់ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣ និង​ប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់គោលដៅដែលទី១ផ្ដោតជាសំខាន់ លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន ទី២ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្ដេចបន្តទៀតថា ការកែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការធ្វើ បដិវត្តន៍(ការកែប្រែ,ការផ្លាស់ប្ដូរ)នោះទេ តែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។

សម្ដេចធិបតីបានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រីជំនួយការ ទៅជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិបាលដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានាដូចមន្ត្រីរាជការពេញសិទ្ធិដែរ។

សម្ដេចធិបតីបន្ថែមថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យដែលមិនមែនជាវិធានការចាប់កំហុសនោះទេ តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី ៥០ សាលា, ឈានទៅ ១០០ សាលា, ២០០ សាលារហូតដល់ ១០០០ សាលាជាដើម ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្ត ៣ខែម្ដង។

ផ្អែកលើការពិនិត្យរបាយការណ៍លទ្ធផលនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងដើម្បីបន្តអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូឱ្យកាន់តែទូលំទូលាយប្រកបដោយផ្លែផ្កាកាន់តែប្រសើរ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមធ្វើការណែនាំដល់គណៈកម្មការ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក៏ដូចជាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដូចតទៅ ៖

*ទី១- ដំណើរការនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិង វិស័យសុខាភិបាល មានទំនាក់ទំនងផ្ទាល់ជាមួយការជំរុញវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិនិត្យនិងរៀបចំផែនការសកម្មភាពដែលប្រទាក់ក្រឡានិងគាំទ្រគ្នាមិនត្រឹមតែក្នុងគោលបំណងវាយតម្លៃស្វែងរកអង្គភាពគំរូប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដល់នូវការគាំទ្រឱ្យបានពេញ លេញដល់គ្រឹះស្ថានអប់រំនិងអង្គភាពសុខាភិបាលនៅមូលដ្ឋានទាំងអស់ ឱ្យមានសមត្ថភាពផ្តល់សេវាសមស្របនិងប្រកបដោយគុណភាពដល់ប្រជាពលរដ្ឋ។

*ទី២- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្តបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយនិងការទទួលយកលក្ខណៈវិនិច្ឆ័យគោលទាំង៨ លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិត ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៃការវាយតម្លៃ ដើម្បីអង្គភាពអាចប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព ក្នុងការកំណត់អំពីភាពខ្លាំងនិងភាពខ្សោយរបស់សាលាមត្តេយ្យសិក្សា សាលាបឋម សិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពកម្រិត១ កម្រិត២ និងកម្រិត៣ និងប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវវិធានការសមស្របដែលម្អអង្គភាពជាបន្ត។

*ទី៣- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវសិក្សាពីលទ្ធភាពក្នុងការពង្រីក វិសាលភាពនៃការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈទៅអង្គភាព ឬស្ថាប័នផ្សេងៗទៀត ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យបានខ្លាំងក្លាចលនានៃប្រឡងប្រណាំងការផ្តល់សេវា សាធារណៈ និងភាពជាគំរូនៃអង្គភាពផ្តល់សេវាសាធារណៈ។

*ទី៤- គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ត្រូវធ្វើការផ្សព្វផ្សាយ និងជំរុញ ចលនាប្រកួតប្រជែងការផ្តល់សេវាសាធារណៈទៅដល់គ្រប់សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យនៅ មូលដ្ឋាន ឱ្យបានទូលំទូលាយ រៀបចំឱ្យមានករណីសិក្សា និងចងក្រងនូវបទពិសោធល្អៗស្តីពីឧត្តមានុភាពនិង នវានុវត្តន៍នៃសាលារៀននិងមន្ទីរពេទ្យដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំង រៀបចំឱ្យមានទស្សនកិច្ចសិក្សា និងចែករំលែកបទពិសោធល្អៗទាំងក្នុងនិងក្រៅប្រទេស។

*ទី៥- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការជំរុញ ពង្រឹង និងកែប្រែឥរិយាបទរបស់មន្ត្រីរាជការក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើង វិញទៅលើរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យនិង ធ្វើបច្ចុប្បន្នភាពទៅលើគោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគិតយុត្តដែលពាក់ព័ន្ធទៅនឹង ការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង ការកែលម្អ និងពង្រឹងគុណភាពនិង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងនិងប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមចូលរួមអបអរសាទរចំពោះអង្គភាពដែលទទួលបាន ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូ និងសូមលើកទឹកចិត្តចំពោះអង្គភាពដែលមិនទាន់បាន ទទួលជ័យលាភី ឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា តាមរយៈអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជ័យលាភីលេខ១ ទទួលបានថវិកា ២០០លានរៀល៕

អត្ថបទដែលជាប់ទាក់ទង