ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូនិងលួចយកទ្រព្យសម្បត្តិត្រូវបានបង្ហាញមុខជាសាធារណៈ
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខជនសង្ស័យជាសាធារណ: បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌដង្កោប្រើរយៈពេល១៣ម៉ោង ធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់៣ករណីផ្សេងគ្នា។
*ករណីទី១៖ ជនសង្ស័យឈ្មោះ ឆាន កក្កដា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ឃាត់ខ្លួននៅចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូអ្នកដឹកជញ្ជូន E-Gets ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង២និង៣០នាទីយប់អធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ និងត្រូវបានសមត្ថកិច្ចដកហូតវត្ថុតាងមកវិញមានដូចជា ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 ជារបស់ជនរងគ្រោះ។
*ករណីទី២៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង០៤និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំនុចផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ បានធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងមកវិញមានម៉ូតូម៉ាកហុងដា MSX សេរីឆ្នាំ២០១៦ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1903។
*ករណីទី៣៖ជនសង្ស័យចំនួន០៤នាក់ ទី១ឈ្មោះ សិដ្ឋ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២ឈ្មោះ អាត ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣ ឈ្មោះ នួន ចាន់ណារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៤ឈ្មោះ ចាន់ សុខវិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០៤នាក់មានផ្ទុកសារធាតុញៀន ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតម៉ូតូសណ្ដោងរឺម៉កនិងវត្ថុតាងមួយចំនួន។
គួរជម្រាបថា ពាក់ព័ន្ធការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្រុមជនសង្ស័យនាំគ្នាលួចគាស់ទម្លុះទម្លាយ និងហិង្សាដោយប្រើដំបងឈើជ្រុងវាយជនរងគ្រោះ កាលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៣៖០០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនិតិវិធី៕