ថ្ងៃទី២៤កុម្ភៈនេះ ជាខួបលើកទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយភរិយា និងកូនប្រុស ម៉ាណែត!
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជាខួបលើកទី៤៥ឆ្នាំ នៃការជួបគ្នាឡើងវិញរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៤៥ឆ្នាំនេះ បានបង្ហោះសាររៀបរាប់រឿងរ៉ាវ ដែលបានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ ដែលជាថ្ងៃសម្តេចជួបជុំជាមួយភរិយា និងកូនប្រុស ដែលសម្តេចពុំធ្លាប់បង្ហាញកាលពីពេលមុនៗនោះឡើយ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលសម្តេចតេជោ ហ៊ុន សែន រៀបរាប់ក្នុងថ្ងៃខួបលើកទី៤៥ឆ្នាំ នៃការជួបជុំជាមួយភរិយា និងកូនប្រុស៖ ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើកទី៤៥ឆ្នាំ នៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយភរិយា និងម៉ាណែត កូនប្រុសខ្ញុំ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។
តាំងពីរៀបការថ្ងៃ៥ មករា ១៩៧៦ ប្តីប្រពន្ធខ្ញុំជួបតែរឿងអកុសល មិនមានសេចក្តីសុខនោះឡើយ។ វាមិនគ្រាន់តែសម្រាប់ខ្ញុំ និងភរិយាទេ តែសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេសដែលរស់នៅក្រោមរបប ប៉ុល ពត។
តើមានមេដឹកនាំលើពិភពលោកនេះប៉ុន្មាននាក់ ដែលលំបាកវេទនាដូចរូបខ្ញុំ?។ បន្ទាប់ពីរៀបការហើយត្រូវគេបំបែក មានកូនទីមួយគ្រូពេទ្យធ្វើឱ្យធ្លាក់ស្លាប់ មិនទទួលបានការអនុញ្ញាតឱ្យយកសពកូនទៅកប់ និងមើលថែភរិយាក្រោយសម្រាលកូន។
ទឹកភ្នែករបស់ខ្ញុំ និងភរិយាធ្លាក់មកច្រើនណាស់ ដែលជាតំណាងឱ្យការឈឺចាប់។ ច្រើនលើកណាស់ ដែលទឹកភ្នែកខ្ញុំ ហូរធ្លាក់ចូលក្នុងចានបាយចានបបរ។ ខ្ញុំបែកពីភរិយា និងពីមាតុភូមិនារាត្រី ថ្ងៃ២០ មិថុនា ១៩៧៧ ក្នុងពេលដែលភរិយាខ្ញុំមានផ្ទៃពោះជាង៥ខែ ដែលកូននោះជានាយករដ្ឋមន្ត្រីកម្ពុជានាបច្ចុប្បន្ននេះ។
អត្ថបទនេះ ខ្ញុំចង់រៀបរាប់រឿងរ៉ាវដែលបានកើតឡើងនៅថ្ងៃ២៤ កុម្ភៈ ១៩៧៩ ជាថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំ នៅទីក្រុងភ្នំពេញ ព្រោះក្នុងការសរសេរមុនៗ និងក្នុងខ្សែភាពយន្តពុំមាននិយាយលំអិតនូវរឿងនេះទេ។
ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ភរិយា ខ្ញុំមិនទាន់បង្ហាញខ្លួននៅឡើយទេ ព្រោះសភាពការណ៍នៅស្មុគ្រស្មាញណាស់នាពេលនោះ។ ការបាត់ដំណឹងទាំងភរិយា និងក្រុមគ្រួសារទាំងមូលរយ:ពេលជាង១ខែក្រោយប្រទេស ត្រូវបានរំដោះធ្វើឱ្យខ្ញុំគិតថាភរិយាខ្ញុំបានស្លាប់ទៅហើយ។ អាស្រ័យដោយធ្លាប់មានការយល់ច្រឡំ របស់ស្ត្រីវ័យចំណាស់២នាក់ រួចមកហើយថា ខ្ញុំជាប្តីរបស់គាត់ដោយឈ្មោះដូចគ្នា ដូចនេះពេលរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង ទៅប្រាប់ខ្ញុំនាពេលល្ងាចថ្ងៃ ២៤ កុម្ភៈ ១៩៧៩ នៅក្រសួងការបរទេស ខ្ញុំមិនជឿទាល់តែសោះ។
តែទោះយ៉ាងណា ក៏ខ្ញុំដល់ម៉ោងចេញពីធ្វើការត្រឡប់មកផ្ទះវិញផងដែរ។ មកដល់ផ្ទះខ្ញុំឃើញ និងជួប រ៉ានី ភរិយាខ្ញុំបន្ទាប់មកជួបកូនប្រុសខ្ញុំ ដែលនេះជាការជួបជុំរយៈពេល ៤៥ឆ្នាំកន្លងមកនេះ។ ការជួបជុំប្រពន្ធកូនឡើងវិញជារឿង សប្បាយតែសង្រ្គាមរវាងឪពុក និងកូន ក៏ចាប់ផ្តើមដែរ។
ម៉ាណែត មិនត្រឹមតែមិនព្រមហៅខ្ញុំជាពុកប៉ុណ្ណោះទេ តែគេមិនឱ្យខ្ញុំប៉ះពាល់ខ្លួនគេទៀតផង។ កាន់តែឆ្ងាយជាងនេះទៀតនោះ គឺការតតាំងគ្នាដណ្តើមម្តាយ និងប្រពន្ធរវាងឪពុក និងកូនតូច។ ម៉ាណែត មិននិយាយច្រើន ហើយក៏មិនមានអាកប្បកិរិយាមិនល្អណាមួយដាក់ខ្ញុំទេ គេសុភាពរាបសារលួចសម្លឹងមើលមុខខ្ញុំម្តងៗ នៅមុនពេលបាយល្ងាច។
នៅពេលយប់ក្នុងបន្ទប់ សម្រាករបស់ខ្ញុំមានគ្រែមួយ តែមិនមានពូកទេ ព្រោះខ្ញុំមិនចេះដេកពូក មានកន្ទេលក្រហម និងមុង។ ក្រៅពីនេះមានតុ និងកៅអីសម្រាប់ខ្ញុំធ្វើការពេលយប់។ ការបំភ្លឺក្នុងបន្ទប់នាពេលនោះ គឺប្រើចង្កៀងប្រេងកាតអាស្រ័យដោយទីក្រុងភ្នំពេញទាំងមូល នាពេលនោះ ពុំមានភ្លើងអគ្គីសនីប្រើប្រាស់ទេ។ ខ្ញុំខិតខំរកស្ករគ្រាប់បានប្រហែល១០គ្រាប់យកមកឱ្យកូន។ ម៉ាណែត បានទទួលយកស្ករគ្រាប់នេះ ដោយទឹកមុខញញឹម ឃើញស្ថានភាពបែបនេះ ខ្ញុំគិតថាកូនប្រហែលស្គាល់ខ្ញុំជាឪពុករបស់គេហើយ។ ក្រោយ ម៉ាណែត ទទួលយកស្ករគ្រាប់ហើយ ខ្ញុំក៏ដើរទៅអង្គុយលើកៅអី ដើម្បីមើលឯកសារ នៅលើតុជាមួយចង្កៀងប្រេងកាត។ ក្រឡេកបែរក្រោយខ្ញុំឃើញ ម៉ាណែតកំពុងយកស្ករគ្រាប់គប់លេ ងព្រោះគេអត់ស្គាល់ថា ជារបស់សម្រាប់ហូបទេ។
ខ្ញុំខ្លោចចិត្តអាណិតកូនក៏ប្រាប់ទៅភរិយាខ្ញុំ ដែលទើបចេញពីបន្ទប់ទឹកឱ្យបកស្ករគ្រាប់ឱ្យកូនញាំ។ ខ្ញុំនៅចាំបានថាភរិយាខ្ញុំឱ្យ ម៉ាណែត ញាំត្រឹម ២គ្រាប់ប៉ុណ្ណោះ ព្រោះខ្លាចកូនក្តៅខ្លួន តែ ម៉ាណែត ចង់ញាំទៀត ព្រោះទើបនឹងផ្តាច់ដោះប្រហែល១ខែមុនប៉ុណ្ណោះ។ ម៉ាណែត ជាកូនស្តាប់ម្តាយ មិនទាមទារទៀតទេ និងក៏ដល់ពេលដែលម្តាយលើក ម៉ាណែត ឡើងលើគ្រែដើម្បីគេងនៅម៉ោងប្រហែលជាង៩យប់។ ឃើញម៉ែកូនឡើងលើគ្រែខ្ញុំ ក៏ប្រញ៉ាប់ទៅទម្លាក់មុង ដើម្បីសម្រាកដែរ។ ឃើញខ្ញុំឡើងគ្រែរៀបសម្រាក ម៉ាណែត យំដេញខ្ញុំឱ្យចេញពីមុង និងចុះពីគ្រែ។
អត់មានជម្រើសក្រៅពីចុះចាញ់កូនសុខចិត្ត ចុះចេញពីគ្រែមកអង្គុយធ្វើការរង់ចាំកូនដេកលក់ទើបហ៊ានឡើង ទៅដេកលើគ្រែវិញដោយ ដាក់កូនទៅកៀនគ្រែកៀកជញ្ជាំង។ ពេលព្រឹកត្រូវក្រោកឱ្យបានឆាប់កុំឱ្យ ម៉ាណែត ឃើញ។ ការធ្វើបែបនេះអស់ប្រហែលជាង១០ថ្ងៃ។ នេះពិតជាស្នេហា កញ្ឆក់កន្ដៀតមែន តាំងពីពេលរៀបការ រហូតដល់ ម៉ាណែត ព្រមទទួលស្គាល់ថាជាឪពុក។
នេះហើយជាផលវិបាកនៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូចនេះត្រូវរួមគ្នាការពារសន្តិភាពឱ្យខាងតែបាន ទោះត្រូវបង់ថ្លៃដោយតម្លៃណាក៏ដោយ៕