ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយបានកំពុងសាងសង់ឡើងដោយបានរំលោភយកដីច្រាំងទន្លេបាសាកក្នុងខណ្ឌច្បារអំពៅ ជិតរួចរាល់ជាស្ថាពរ ខណៈក្រសួងធនធានទឹក និង​ឧតុនិយមមិនទាន់មានចំណាត់ការ

មានករណីភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយបានកំពុងសាងសង់ឡើងដោយបានរំលោភយកដីច្រាំងទន្លេបាសាក ដែលជាកម្មសិទ្ធិរបស់រដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងរលូននិងជិតរួចរាល់ជាស្ថាពរទៅហើយដែលស្ថិតនៅតាមបណ្ដោយដងទន្លេបាសាកលយក្ដិតចូលដីទន្លេស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពបានឲ្យដឹងថា ការសាងសង់ភូមិគ្រឹះដ៏ធំស្កឹមស្កៃដោយបានរំលោភយកដីច្រាំងទន្លេគឺជាអំពើខុសច្បាប់ទាំងស្រុង ក៏ប៉ុន្តែគេមិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋានសង្កាត់ព្រែកថ្មី ឬខណ្ឌច្បារអំពៅមានវិធានទប់ស្កាត់នៅឡើយនោះ ពោលគឺបណ្ដែតបណ្ដោយឲ្យភាគីម្ចាស់ភូមិគ្រឹះសាងសង់ដោយរលូនតែម្ដង។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ដីពី ការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត បានបញ្ជាក់យ៉ាងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»។

ជាចម្ងល់របស់ប្រជាពលរដ្ឋបានលើកឡើងថា តើសកម្មភាពទាំងពីរខាងលើនេះ មានចំណុចខុសគ្នាត្រង់ណាខ្លះទៅ? បើតាមបញ្ញត្តនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ»

ជុំវិញករណីខាងលើនេះ តើឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា​ និងជាប្រធានអាជ្ញាធរទន្លេសាបនឹងបកស្រាយ ឬមានវិធានយ៉ាងដូចម្ថេចដើម្បីទប់ស្កាត់ឲ្យខាងតែបានចំពោះជនឆ្លៀតឳកាសទាំងឡាយដែលសាងសង់រំលោភយកដី​មាត់ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាតទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនក្នុងនាមជាឯកជនភាព?

បើក្នុងករណីឯកឧត្តម​​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយមរកឃើញថា អាជ្ញាធរមូលដ្ឋានដែលមានលោក ចេង មុន្នីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ មានការគប់គិតគ្នាដើម្បីបើកភ្លើងខៀវឲ្យម្ចាស់ភូមិគ្រឹះដ៏ធំស្កឹមស្កៃខាងលើ បានសាងសង់ដោយគ្មានការអនុញ្ញាត តើឯកឧត្តម​​ ថោ ជេដ្ឋា នឹងមានវិធានការយ៉ាងដូចម្ដេចចំពោះលោកអភិបាលខណ្ឌច្បារអំពៅរូបនោះនិងភាគីពាក់ព័ន្ធ?

គួរជម្រាបជូនមកទល់ម៉ោងនេះ បណ្ដាញសារព័ត៌មាន The Mirror News នៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយនោះទេ ពាក់ព័ន្ធឈ្មោះម្ចាស់ភូមិគ្រឹះ និងការបកស្រាយពីអាជ្ញាធរមូលដ្ឋាននៅឡើយនោះទេ ប៉ុន្តែទោះបីជាយ៉ាងណា យើងខ្ញុំនៅរង់ចាំសហការ និងទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ៕

 

 

អត្ថបទដែលជាប់ទាក់ទង